(សៀមរាប)៖ ព្រះវិហារ វត្តធម្មជាតិរុនតាឯក ត្រូវបានរៀបចំបញ្ចុះបឋមសិលាដើម្បីសាងសង់ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានវត្តមានលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំងព្រះវត្តមាន និងវត្តមានព្រះសង្ឃ មន្ត្រីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋក្នុងខេត្ត អាជ្ញាធរស្រុកបន្ទាយស្រី និងពុទ្ឋបរិស័ទក្នុងមូលដ្ឋានជាច្រើនផងដែរ។ ព្រះវិហារនេះស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងជាទីអារាមថ្មីស្រឡាង សម្រាប់ប្រជាពុទ្ឋបរិស័ទបំពេញបុណ្យទានតាមលំអានព្រះពុទ្ឋសាសនា។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក្នុងនាមអភិបាលខេត្ត និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្ត បានសម្តែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលជានិច្ចកាលសម្តេចតែងតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសសម្តេចតេជោ បានបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តនានា ក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក រួមមានផ្លូវ ប្រព័ន្ឋភ្លើង ទឹកសាលារៀន ផ្សារសហគមន៍ វត្តអារាមជាដើម។

លោក យុន លីនណេ ថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហេដ្ឋារចនាសម្ព័ន្ឋនានារបស់វិស័យព្រះពុទ្ឋសាសនាត្រូវបានស្តារឡើងវិញ យ៉ាងឆាប់រហ័ស ពុំគួរនឹកស្មានដល់ ពិសេសព្រះពុទ្ឋសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា សាសនារបស់រដ្ឋ។ ព្រះវិហារថ្មីដែលកំពុងសាងសង់នេះនឹងក្លាយទៅជាសមិទ្ឋផលថ្មីមួយទៀត ដែលផុសចេញពីសន្តានចិត្តដ៏ប្រពៃថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃវិស័យពុទ្ឋចក្រក្នុងខេត្តសៀមរាប មួយកម្រិតទៀត។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក សៀង ណាំ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យព្រះពុទ្ឋសាសនាត្រូវបានស្តារឡើងវិញ ជាមួយនឹងហេដ្ឋារចនាសម្ពន្ឋ័នានាយ៉ាងឆាប់រហ័សជាពិសេសវិស័យព្រះពុទ្ឋសាសនា ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញជាសាសនារបស់រដ្ឋ។

លោកក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៏ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ទាំងពុទ្ចចក្រ និងអណាចក្រដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។ លើសពីនេះ កម្ពុជាដែលពីអតីតកាលត្រូវបាត់បង់កិត្តិយសលើឆាកអន្តជាតិនោះ ត្រូវបានជ្រោងឡើងវិញ។

លោកបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ នឹងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។ មានសម្តេចតេជោ សែន មានសន្តិភាព និងមានការអភិវឌ្ឍ៕