(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកិច្ចការនារី។

ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា សន្និបាតនេះពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំណុច ខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា នៅក្នុងការអនុវត្តការងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈ ទី៥ ក្នុងរយៈពេលមួយឆ្នាំកន្លងមក នាឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ ជាពិសេសរួមចំណែកធ្វើឲ្យកាន់ប្រសើរ ឡើងនូវសិទ្ធិ ស្ថានភាព ឋានៈ និងតួនាទី របស់ស្រ្តី នៅក្នុងគ្រួសារ និងសង្គមជាតិ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិការណ៍ ដោយសម្រេចបានសមិទ្ធផលពាក់ព័ន្ធនឹងស្រ្តី សម្រាប់ថ្នាក់តំបន់ នៅពេលដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន។

ក្នុងនោះរួមមាន៖ ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពីការបំផុសសហគ្រិនភាពស្ត្រីក្នុងអាស៊ាន និងផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័ត ដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវកិច្ចការប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈ អវិជ្ជមាន ការប្រកាន់យកទស្សនៈ និងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឲ្យស្រ្តី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួលភាគផលពីកិច្ចអភិវឌ្ឍន៍នៅគ្រប់ជំនាន់តទៅមុខទៀត។ ជាពិសេស សូមក្រសួងកិច្ចការនារី បន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀត ជាមួយដៃគូ អភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត ជាពិសេសក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងភាពចម្រើនរុងរឿងរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ៕