(ភ្នំពេញ)៖ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានថវិកាសរុបប្រមាណជាង ៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ ដែលផ្តោតជាសំខាន់លើដំណោះស្រាយចំពោះសំណើផ្សេងៗពីប្រជាពលរដ្ឋ ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្តដើម្បីកត់សម្គាល់ខួបបីឆ្នាំនៃការដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួន ទិសដៅការងារឆ្នាំ២០២៣សំដៅពង្រឹង ការងារផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមឡើង ការត្រៀមរៀបចំរបាយការណ៍សន្និបាតបូក សរុបលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០២២ និងការរៀបចំផែនការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំ ត្រីមាសរបស់អនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស ទាក់ទងនឹងការស្វែងរកលេខ ពិសេសផ្ទាល់ខ្លួន លេខដែលលក់ចេញទាបជាងគេ លេខដែលលក់ចេញខ្ពស់ជាងគេ ការផ្សព្វផ្សាយ ការដេញថ្លៃ និងផែនការសកម្មភាពពិព័រណ៍ផ្លាកលេខ និងរថយន្ត។

ថ្លែងក្នុងឱកាសនោះ លោកស្រី កុយ សុដានី ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុលសំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំ នៃការលក់លេខពិសេសផ្ទាល់ខ្លួនអាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់ដែរថា ចំណូលមួយចំនួនដែលបានមកពីកម្មវិធីពិព័រណ៍ការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រីរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានថ្លែងកោតសរសើរដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំផែនការសកម្មភាពពិព័រណ៍លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួមលើផែនការសកម្មភាពនេះដើម្បីដាក់ជូនលោកទេសរដ្ឋមន្ត្រីពិនិត្យសម្រេចជាផ្លូវការ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានសរុបប្រមាណជាង ២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង ៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារអាមេរិក ក្នុងនោះលេខពិសេសលក់បានប្រមាណជាង ២១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង ២៣១ពាន់លានរៀល ស្មើនឹង ៥៧លានដុល្លារ និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង ១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង ១១២ពាន់លានរៀល ស្មើនឹង ២៨លានដុល្លារអាមេរិក។

ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបប្រមាណជាង ៧៨ពាន់លានរៀល ស្មើនឹងប្រមាណ ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕