(កំពង់ធំ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បានកោះប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីប្រគល់ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងស្ទឹងសែន ព្រមទាំងណែនាំពីការងារដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ហាសំរាមនេះ។

នៅក្នុងកិច្ចប្រជុំធ្វើឡើងនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក រស់ វណ្ណា បានលើកឡើងថា បញ្ហាសំរាមគឺមានសារៈសំខាន់បំផុតដែលអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ពស់ ពីព្រោះប្រសិនបើគ្រប់គ្រងមិនបានល្អទេ វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ ដែលជាហានិភ័យខ្ពស់បំផុតដល់សុខភាពរបស់ពួកគេ។

លោករដ្ឋលេខាធិការបានបន្តថា ទីលានចាក់សំរាមថ្មីនេះ គឺជាទីលានមួយដែលធ្វើឡើងតាមលក្ខណៈស្តង់ដា និងមានការទុកដាក់បានត្រឹមត្រូវ ទីកន្លែងធំទូលាយ និងត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រង ដូចនេះហើយរដ្ឋបាលខេត្តកំពង់ធំត្រូវតែគិតគូរពីធនធានមនុស្សដែលចាំបាច់ត្រូវការបណ្ដុះបណ្ដាលដល់ពួកគាត់ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ម្យ៉ាងទៀត កន្លងមកការប្រមូលសំរាមមានការលំបាកដោយសារប្រជាជនមួយចំនួនមិនបានចូលរួម ហើយពួកគាត់មួយចំនួនទៀតមិនបានយល់ពីផលប៉ះពាល់នៃការទុកដាក់សំរាមចំពោះសុខភាពរបស់ពួកគាត់។ ដូច្នេះហើយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំបានខិតខំស្ទុះស្ទារធ្វើយ៉ាងណាដើម្បីគ្រប់គ្រងនូវកាកសំណល់សំរាមនេះឲ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពថាតើសំរាមប្រភេទណាដែលអាចប្រើប្រាស់ឡើងវិញបាន។

លោកបានបញ្ជាក់ទៀតថា ទីលានចាក់សំរាមនេះគឺយើងទទួលបានកម្ចីពីដៃគូអភិវឌ្ឍន៍ដែលតម្រូវឲ្យមានលក្ខខណ្ឌ ហើយលក្ខខណ្ឌទាំងនេះគឺជាលក្ខខណ្ឌមួយដែលផ្ដល់អត្ថប្រយោជន៍ និងការអភិវឌ្ឍភាពរឹងមាំដល់ម្ចាស់គម្រោង ដោយផ្ដោតទៅលើ៖ ១.ទីតាំងសាងសង់ ២.បរិស្ថាន (ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន) ៣.សុខមាលភាពរបស់ប្រជាពលរដ្ឋ ៤.អត្ថប្រយោជន៍ ៥.មាននិរន្តរភាពស្ថិរយូរអង្វែង។

លោកក៏បានជំរុញឲ្យរដ្ឋបាលខេត្តកំពង់ធំសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវតែគិតគូរឲ្យបានល្អិតល្អន់សម្រាប់ទីតាំងចាក់សំរាមផ្សេងទៀតដែលស្ថិតនៅតាមបណ្ដាក្រុង/ស្រុក ដែលទីតាំងទាំងនោះ រួមមាន ទីលានចាក់សំរាម និងស្ថានីយចម្រោះទឹកកខ្វក់ ពីព្រោះប្រសិនបើអាជ្ញាធរមិនមានផែនការជាក់លាក់ច្បាស់លាស់នោះទេ គ្រប់គ្នានឹងជួបការលំបាកក្នុងការជ្រើសរើសទីតាំងសមស្របណាមួយមិនខាន។

លោក រស់ វណ្ណា បានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពនិងអនុម័តបញ្ចូលបញ្ហាសំរាម និងទឹកកខ្វក់ចូលក្នុងវិក័យបត្រទឹកស្អាត ដែលតម្រូវឲ្យប្រជាពលរដ្ឋបង់ជាអចិន្ត្រៃយ៍ បានន័យថា នៅក្នុងវិក័យបត្រនោះមានថ្លៃសេវាកម្មសំរាម ទឹកស្អាត និងទឹកកខ្វក់ ប៉ុន្តែក្រសួងទាមទារពន្យល់ហេតុផលដល់ពួកគាត់ដែលប៉ះពាល់ដល់កត្តាសុខភាពធ្ងន់ធ្ងរ និងមានអាយុខ្លីទៀតផង។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីនេះមានទីតាំងស្ថិតនៅក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលមានចម្ងាយ១២.៥គីឡូម៉ែត្រពីក្រុងស្ទឹងសែន ហើយទីលានចាក់សំរាមនេះចាប់ផ្ដើមសាងសង់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដោយចំណាយថវិកាអស់មានចំនួន ៤ ៦២៩ ៣៣៩.៤៤ដុល្លារអាមេរិក និងទទួលការសាងសង់ដោយក្រុមហ៊ុនហេងសម្បត្តិ គ្រប់គ្រងគម្រោងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ហើយមានផ្ទៃដី១៩.៧៦ហិចតា៕