(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គសង្រ្កាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីជាការអបអរសាទរ នៃពិធីបុណ្យចូលប្រពៃណីជាតិខ្មែរ។ ប៉ុន្ដែព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ត្រូវអាក់ខានរៀបចំចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។
ប៉ុន្ដែក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឡើងវិញ នៅឆ្នាំ២០២៣ ពោលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្ត សារជាថ្មី និង ស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន និងមហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ។
បើតាមអ្វីដែលបានគ្រោងទុកនោះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មាន៦ទីតាំងកម្សាន្ត មាន៤៤កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕