(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យស្ថានភាពផ្លូវដី មួយខ្សែមានប្រវែង ២,២០០ម៉ែត្រ ដើម្បីត្រៀមជួសជុលនាពេលខាងមុខ ទុកជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ ដឹកទំនិញ កសិផលទៅកាន់ទីផ្សារ ក៏ដូចការធ្វើដំណើរបានងាយស្រួលមូលដ្ឋាន។

ក្នុងនោះលោក ធឹម សំអាន ក៏បានណែនាំឱ្យអាជ្ញាធរសង្កាត់ ក៏ដូចមន្ត្រីការិយាល័យជំនាញ ចុះសិក្សាពីគុណភាពផ្លូវ ដើម្បីត្រៀមដាក់គ្រឿងចក្រឈូសឆាយផ្លូវឱ្យទាន់រដូវប្រាំងនេះ ដើម្បីជូនជាចំណងដៃដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សាររបស់ពួកគាត់ផងដែរ។

នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន ក៏បានឆ្លៀតចូលជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោតខ្ពស់ ដែលកំពុងធ្វើអនាម័យ ក្នុងបរិវេណសាលា។

ឱកាសនោះ លោក ធឹម សំអាន បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

លោក ធឹម សំអាន ក៏បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ ថែមទៀតផង៕