(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ទទួលបានជោគជ័យចំនួន៣ចំណុច។
ការបង្ហាញការយល់ឃើញបែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។
ជោគជ័យទាំង៣ចំណុចរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលលោកបណ្ឌិត សុខ ទូច យល់ឃើញរួមមាន៖
ទី១៖ ហៅមហាអំណោចដែលមិនធ្លាប់ចូលរួមប្រជុំជាមួយអាស៊ាន ខណៈកន្លងមកមហាអំណោចទាំងនោះត្រឹមតែបញ្ជូនជំនួយការ ឬទីប្រឹក្សាមកចូលរួមប្រជុំ ប៉ុន្តែ ផ្ទុយទៅវិញនៅពេលដែលកម្ពុជា ក្លាយជាប្រធានអាស៊ាន អញ្ជើញប្រធានាធិបតីមហាអំណាច ឬតំណាងប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីមកប្រជុំនៅកម្ពុជា ហើយបានឃើញមុខមាត់របស់កម្ពុជា ថាកម្ពុជា មិនដូចអ្វីដែលគេបានបកស្រាយនោះទេ។
ទី២៖ ប្រទេសតូច ប៉ុន្តែ រក្សាបាននូវសន្តិសុខដ៏ល្អ ដែលគ្មានអ្វីដែលចោទជាបញ្ហាក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយក៏គ្មានបញ្ហាឆល្វែក បើទោះបីជាជំងឺកូវីដ១៩ វាយលុយក៏ដោយ ក៏កម្ពុជាអាចធ្វើម្ចាស់ការចំពោះករណីនេះបាន។
និងទី៣៖ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទ្វីបអឺរ៉ុប ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ប្រធានាធិបតីបារាំង បានទទួលសម្តេចតេជោ ហ៊ុន សែន ពេញមុខ ពេញមាត់ ដើម្បីផលប្រយោជន៍របស់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្ដល់ឲ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំ មកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ។
តាមធម្មនុញ្ញរបស់អាស៊ាន បើទោះបីថាញញួរអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាទៅហើយក្តី តែសុពលភាពក្នុងឋានៈជាប្រធានអាស៊ានរបស់សម្តេចតេជោ មិនទាន់អស់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងប្រធានអាស៊ាននេះ រហូតដល់ដល់ដាច់ឆ្នាំ២០២២ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវទទួលតំណែងប្រធានអាស៊ាន ចាប់ពីឆ្នាំ២០២៣ទៅ៕