(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្សថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីចំនួន២៤៥នាក់ ដែលទើបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានរាយការណ៍អំពីការគ្រប់គ្រងសមាជិកបក្សចាស់ និងការកសាងសមាជិកបក្សថ្មីដែលទើបគ្រប់អាយុបោះឆ្នោត និងមួយចំនួនទៀតក៏បានទទួលស្គាល់និងបញ្ចូលសមាជិកបក្សថ្មី ដែលទើបចាកចេញពីគណបក្សដទៃ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ បច្ចុប្បន្ននៅឃុំបន្ទាយស្ទោង មានសមាជិកបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយមានចំនួន៦៨% លើចំនួនប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីក្នុងឆ្នាំ២០២២នេះ។
លោក សោម ស៊ុន បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះសមាជិកសមាជិកាថ្មី ដែលទើបបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ មានបទពិសោធន៍ក្នុងការគ្រប់គ្រងដឹកនាំប្រជាជននាំមកនូវសុខសន្តិភាព ដឹងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានផ្សព្វផ្សាយជំពូកទី៣ នៃលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាថ្មី ដើម្បីបានយល់ជ្រួតជ្រាបក្នុងពេលដែលគាត់បានចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
កញ្ញា បាវ ខាត់ដានី បានឡើងធ្វើការប្តេជ្ញាចិត្តគោរពប្រតិបត្តិ និងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាព្រមទាំងបានប្តេជ្ញាចិត្តនាំសាច់ញាតិបងប្អូនទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅខែកក្កដា ឆ្នាំ២០២៣ ខាងនេះ ឲ្យទទួលបានជោគជ័យថ្មីទៀត៕