(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន២០រូប បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យ Bodhisastra University Florida, USA ដែលការប្រារព្ធពិធីប្រគល់សញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតដល់និស្សិតឆ្នាំ២០២២ នៅសាកលវិទ្យាល័យ Universiti Malaya (UM) រដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីចុងដើមសប្ដាយកន្លងទៅនេះ។
ពិធីប្រគល់សញ្ញាបត្រនេះ ក្រោមអធិបតីភាពរបស់គណកម្មការសភានាយក គណៈកម្មការគ្រប់គ្រង និងគណៈសាស្ត្រាចារ្យនៃសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា សហរដ្ឋអាមេរិក (Bodhisastra University Florida USA) ដោយប្រគល់ សញ្ញាបត្រកម្រិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតចំនួន៧២រូប ក្នុងនោះនិស្សតិកម្ពុជា ចំនួន ២០រូប រួមមាន៖
១៖ ព្រះមហា ង៉ែត សុភាព ណ្ឌិតទំនាក់ទំនងអន្តរជាតិ
២៖ ឯកឧត្តម សួស សោភា បណ្ឌិតវិទ្យាសាស្រ្តអប់រំ
៣៖ សាស្ត្រាចារ្យ ឈិន សីហា បណ្ឌិតអក្សរសាស្ត្រខ្មែរ
៤៖ លោក សាន់ ស៊ីថន បណ្ឌិតរដ្ឋបាលធុរកិច្ច
៥៖ លោក ហោ ហៀង បណ្ឌិតរដ្ឋបាលសាធារណៈ
៦៖ លោក ពៅ លីដា បណ្ឌិតរដ្ឋបាលសាធារណៈ
៧៖ លោក គិត ចាន់ថង បណ្ឌិតរដ្ឋបាលធុរកិច្ច
៨៖ លោក ប៉ុក សៅលី បណ្ឌិតរដ្ឋបាលធុរកិច្ច
៩៖ លោក លីម អាស៊ីគីន បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង និងភាពជាអ្នកដឹកនាំ។
ទន្ទឹមនឹងឈានដល់ការទទួលសញ្ញាបត្របណ្ឌិតនេះ គណៈកម្មការវាយតម្លៃនិក្ខេបបទ មានចំនួន១៦រូប ដែលអញ្ជើញមកពីបណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក ថៃ ហុងកុង វៀតណាម កម្ពុជា និងឡាវ ផងដែរ។ សមាសភាពគណៈកម្មការវាយតម្លៃមាន លោកសាស្ត្រាចារ្យ បណ្ឌិត Sak Prasandee, CEO of BOU និងជាប្រធានគណៈកម្មការវាយតម្លៃ លោកសាស្ត្រាចារ្យ បណ្ឌិត គឹម ឆៃហៀង សាកលវិទ្យាធិការស្តីទី និងលោកសាស្ត្រាចារ្យបណ្ឌិត គណៈកម្មការវាយតម្លៃមួយចំនួនទៀត ដែលបានវាយតម្លៃនិក្ខេបបទថ្នាក់បណ្ឌិត តាមរយៈប្រព័ន្ធអនឡាញហ្សូម។
ក្នុងពិធីប្រគល់នេះ លោកសាស្ត្រាចារ្យបណ្ឌិត សាក់ ប្រៈសានឌី (Prof.Dr. Sak Prasandee) ក្នុងនាមជាសាកលវិទ្យាធិការ បានសម្តែងការអបអរសាទរចំពោះនិស្សិតជយលាភីក្នុងឆ្នាំ២០២២ សរុបដោយប្រយោគខ្លីគឺ «រៀនពិត ចប់ពិត បានលទ្ធផលពិត ជាពិសេស គឺការសរសេរនិក្ខេបបទដោយមានវត្ថុតាងជាសាក្សី»។
លោកសាស្ត្រាបណ្ឌិតបានផ្តល់អនុសាសន៍ឲ្យនិស្សិតដែលបញ្ចប់ការសិក្សានេះ យកចំណេះ ជំនាញ និងគុណធម៌ទៅបម្រើផលប្រយោជន៍គ្រួសារ សង្គម ប្រទេសជាតិ ឲ្យសាកសម្យតាមចំណេះចេះដឹង និងគុណតម្លៃនៃសញ្ញាបត្រតាមកម្រិតនីមួយៗ ហើយឲ្យមោទនភាពលើខ្លួនឯងដែលទទួលជយលាភីបានដោយកម្រនេះ។
លោកបណ្ឌិត Andreas Georg Flober ប្រធានពិធីប្រគល់សញ្ញាបត្រឆ្នាំ២០២២ បានចូលរួមលើកទឹកចិត្តនិងសរសើរនូវសេចក្តីប្រឹងប្រែង ខិតខំសិក្សា ស្រាវជ្រាវសរសេរជាជានិក្ខេបបទរហូត ត្រូវបានវាយតម្លៃបញ្ចប់ការសិក្សាតាមគោលការណ៍របស់សាកលវិទ្យាល័យ។ លោកបណ្ឌិតបានផ្តល់នូវទស្សនៈមួយចំនួនទាក់ទងនឹងគុណតម្លៃជីវិត និងបរិស្ថាន ដោយស្នើឲ្យនិស្សិតជយលាភី និងអ្នកចូលរួមទាំងអស់ត្រូវផ្តល់សារសំខាន់ និងចូលរួមដើម្បីធ្វើឲ្យពិភពលោកនេះកាន់តែប្រសើរ និងមានសុខសន្តិភាព គួរឲ្យចង់រស់នៅ។
គួររំលេចផងដែរថា បញ្ញវន្តឆ្នើមទាំង៩រូបខាងលើនេះ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារសង្គម ការងារមនុស្សធម៌ កិច្ចការអភិវឌ្ឍជាតិ និងមាតុភូមិជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់គោលនយោបាយជាអាទិភាព គឺការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងចំណោមគោលនយោបាយទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋសភា នីតិកាលទី៦ និងបន្តបន្ទាប់ទៅថ្ងៃអនាគត។ ទន្ទឹងនឹងនេះ ក្រៅពីមានភាពជោគជ័យលើការសិក្សា បណ្ឌិតទាំង៩រូប មានមុខនាទី និងរបរជាមន្ត្រីរាជការ អ្នកអប់រំ អ្នកជំនួញ សហគ្រិន យុវជនឆ្នើម និងធុរករវិស័យឯកជនផងដែរ៕