(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣៧,០៤៩,២៧៨ដុល្លារ កើនឡើង២២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣០,៣៩០,១៧២ដុល្លារ។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល១១ខែ ឆ្នាំ២០២២នេះ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៩,១៧១,២៨២ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២៧២,៦៣២ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ៣,៨២៣,៥៩២ដុល្លារ។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់១១ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន ៣,៦៤៦,០២៩តោន កើនឡើង៣.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ៣,៥១៩,៨៤៤តោន។

ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ៣,២៧១ជើង កើនឡើង៥៤.៧៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,១១៤ជើង។

ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ៣៨៣,២៦១ធីអ៊ីយូ កើនឡើង២១.៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣១៥,៦៩២ធីអ៊ីយូ។

ទី៤៖ នាវាទេសចរណ៍ មានចំនួន៧៨ជើង កើនឡើង៧៨.០០ភាគរយ។

ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន៥,០៧៥នាក់ កើនឡើង៥,០៧៥.០០ភាគរយ។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕