(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិតដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា។
ពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិតនេះ ដោយមានការអញ្ជើញចូលរួម ពីលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទក្រសួង ជាច្រើនរូបទៀត។ ពិធីនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានសំដែងនូវសេចក្តីរំភើបរីករាយជាអតិបរមា និងសូមថ្លែងអំណរគុណជាអនេកប្បកា
សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដល់ចំនួន១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏សូមថ្លែងអំណរគុណ ដល់លោក Wang Wentian និងសហការី ដែលតែងតែជួយគាំទ្រ ដល់ក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមកដល់ពេលនេះផងដែរ។
លោក ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ ការចិញ្ចឹមសត្វពឹងផ្អែកជាសំខាន់ លើកត្តាពូជការគ្រប់គ្រងសុខភាព និងការជំរុញទីផ្សារ។
លោកបានបន្ថែមទៀតថា កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានខិតខំប្រឹងប្រែងជំរុញឲ្យវិស័យនេះ ឲ្យមានការរីកចម្រើនគួរ ឲ្យកត់សម្គាល់ ប៉ុន្តែយើងនៅតែជួបនូវបញ្ហាលំបាកមួយចំនួនមាន៖
១៖ ជំងឺឆ្លងសត្វគឺជាឧបសគ្គមួយជាចំបងដែលធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ នៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា។ ការផ្ទុះ និងការឆ្លងរាលដាលជំងឺ ឆ្លងទាំងនេះ ធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ច។
លោក ឌិត ទីណា បានឲ្យដឹងថា កម្ពុជាកន្លងមកបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួន ដូចជាជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្តាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់អ្នកចិញ្ចឹមសត្វ ជាពិសេសកសិករនៅជនបទ។
២៖ មន្ទីរពិសោធន៍ និងធនធាន មនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ។ កន្លងមកសាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រវិស័យចិញ្ចឹមសត្វ ក្នុងនោះ មានការលើកកម្ពស់ ការចិញ្ចឹមសត្វ តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះមានកម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។
លោក Wang Wentian បានបញ្ជាក់ឲ្យដឹងថា ការរៀបចំពិធីប្រគល់វ៉ាក់សាំងចំនួន១លានកម្រិត ដែលផ្តល់ដោយប្រទេសចិនមកកម្ពុជា។ ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វ របស់ក្រសួងកសិម្ម និងកិច្ចការជនបទ នៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របី សរុប៥០ម៉ឺនកម្រិត។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា សង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមាន ក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា៕