(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គឺជាខួប២៤ឆ្នាំ ដែលប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង រកឃើញសុខសន្តិភាពពេញលេញ នាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក៏៥០០ឆ្នាំដែរ។
ការបញ្ចប់ភ្លើងសង្គ្រាម និងការរកបានសុខសន្តិភាពនេះ កើតមានក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។
ដើម្បីទទួលបានជោគជ័យលើនយោបាយឈ្នះ-ឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក បានដាក់ចេញនូវគោលនយោបាយ៣រួមមាន៖ ធានារូបកាយនិងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ក្រៅពីនយោបាយ៣នេះ សម្តេចតេជោ ក៏បាន យុទ្ធសាស្ត្រទាំង៥ ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។
បន្ថែមពីលើគោលនយោបាយ៣ និងយុទ្ធសាស្ត្រ៥ហើយនោះ នយោបាយឈ្នះ-ឈ្នះ បានពឹងផ្អែកលើកត្តាជោគជ័យចំនួន៧ផ្សេងទៀត។
កត្តាជ័យជម្នះទាំង៧ រួមមាន៖
១៖ ថ្នាក់ដឹកនាំ៖ បេសកកម្មដែលនាំមកនូវសន្តិភាពសម្រាប់ជាតិ និងប្រជាជនមិនមែនជារឿងសាមញ្ញនោះទេ ហើយមិនអាចសម្រេចបានឡើយ បើមិនមានអគ្គមគ្គុទ្ទេសក៍ឯកដឹកនាំត្រឹមត្រូវ។ ក្នុងនោះកម្ពុជា មានភ័ព្វសំណាងដែលមានមេដឹកនាំពោរពេញដោយទេពកោសល្យ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
២៖ តួនាទីរដ្ឋបាលកណ្តាល៖ រដ្ឋបាលកណ្តាលសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំនាវាកម្ពុជា រាប់ចាប់ពីស្ថាប័នព្រះមហាក្សត្រ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺបានរួបរួមជាធ្លុងមួយ សហការគ្នា ដើម្បីឈានឆ្ពោះទៅជ័យជម្នះ។
៣៖ ប្រតិបត្តិករ៖ មេដឹកនាំល្អ ជារឿងសំខាន់មួយ ទន្ទឹមនឹងនេះប្រតិបត្តិករទាំងឡាយដូចជាមហាជន និងកងយោធពលខេមរភូមិន្ទជាដើម ដែលជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ គឺពិតជាសំខាន់ខ្លាំងណាស់។
៤៖ ការកសាងទំនុកចិត្ត៖ ការកសាងទំនុកចិត្តពីពលរដ្ឋមកលើថ្នាក់ដឹកនាំ គឺជាចលករចាំបាច់ខ្វះមិនបាន ដោយចាប់ផ្តើមចេញពីរឿងតូចតាចរហូតដល់ព្រឹត្តិការណ៍ធំៗ ដោយត្រូវរក្សាទឹកចិត្តពលរដ្ឋជានិច្ច។
៥៖ កត្តាមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ នេះជាកត្តាសំខាន់មួយ ដើម្បីរុញច្រានកាន់តែខិតទៅរកជ័យជម្នះ បរិបទនៃការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចរបស់កម្ពុជាជាបរិបទដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយបែរទៅរកសេដ្ឋកិច្ចទីផ្សារសេរី ដែលចរន្តបានជ្រាបដល់គ្រប់ស្រទាប់ប្រជាជាតិ។
៦៖ កត្តាការបរទេស៖ មិនត្រឹមតែផ្ទៃក្នុងជាតិនោះឡើយ សហគមន៍អន្តរជាតិ និងក្នុងតំបន់ ក៏បានដើរតួដ៏សំខាន់ផងដែរ។ ជាពិសេសក្នុងកាលៈទេសៈដែលសហគមន៍អន្តរជាតិ បានប្តូរជំហររបស់ខ្លួនដែលគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មកទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោវិញ។
៧៖ ការបែកបាក់របបខ្មែរក្រហម៖ សសរស្តម្ភទី១ របស់យុទ្ធសាស្ត្រឌីហ្វីឌ គឺ Divide មានន័យថាបំបែក ដែលបានបំបែកកម្លាំងស្នូលរបស់ខ្មែរក្រហមជាក្រុមៗដាច់ចេញពីគ្នា ដូចជាតាម៉ុកឈរជើងនៅអន្លង់វែង ហើយក្រុម នួន ជា ឈរជើងនៅសំឡូត ទើបធ្វើឱ្យឥទ្ធិពលរបស់ពួកខ្មែរក្រហមចុះខ្សោយ ហើយរាជរដ្ឋាភិបាល អាចសម្រេចបាននូវជ័យជម្នះពេញលេញជូនប្រជាជាតិទាំងមូល៕