(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំថ្មីមួយ ពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ នេះបើតាមសារាចរណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។
ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ច្បាប់ថវិកាជាតិ) ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឲ្យប្រើហើយ តាមរយៈព្រះរាជក្រមចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
ច្បាប់ថវិកាជាតិឆ្នាំ២០២៣ កម្រាស់៤២ទំព័រ មាន៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ហើយដែលត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៤។
តាមរយៈច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រងចំណាយថវិកាប្រមាណ ៩ពាន់លានដុល្លារ និងប្រមូលចំណូលឲ្យបានជាង ៨ពាន់លានដុល្លារ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ (ច្បាប់ថវិកា) ថាជាថវិកាដើម្បី «មនុស្ស និងកំណើនសេដ្ឋកិច្ច»៕