(ពោធិ៍សាត់)៖ លោក វង្ស ពិសិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងគម្រោង របស់អង្គការប៉ាដិក នៅខេត្តពោធិ៍សាត់ រួមមានការសម្អាតប្រឡាយក្បាលហុង និងពិធីផ្ទេរសមិទ្ធផល គម្រោងចលនាសហគមន៍ និងការកែលម្អបរិស្ថាន ជូនសហគមន៍ ក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានចាប់ផ្តើមចុះពិនិត្យការសម្អាត និងដើរតាមខ្នងប្រឡាយក្បាលហុង ដែលនៅជាប់នឹងភូមិវាល ស្រុកកណ្តៀង និងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ដែលអង្គការប៉ាដិក បានអនុវត្តការសម្អាតប្រឡាយ ប្រវែង១.៣៥គីឡូម៉ែត្រ ដែលពោរពេញទៅដោយប្លាស្ទិក និងសំរាម ជាប្រភពនៃមេរោគ។

ឆ្លៀតក្នុងឱកាសនោះ លោកបានសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ដោយបានស្នើឱ្យសហគមន៍ ចូលរួមជួយថែរក្សាសម្អាតប្រឡាយនេះ ឱ្យបានស្អាតល្អតទៅមុខទៀត ក្រោយការបិទគគម្រោងរបស់អង្គការប៉ាដិក។

ប្រជាសហគមន៍ បានគោរពថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសអង្គការពាក់ព័ន្ធ ដែលបានជួយសម្អាតប្រឡាយសម្អាតប្រឡាយក្បាលហុង ធ្វើឱ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ជាច្រើន ពីគម្រោងនេះ។ ជាមួយគ្នានោះ ពួកគាត់ប្តេជ្ញានឹងចូលរួមថែរក្សាសម្អាតប្រឡាយក្បាលហុង ចាប់ពីពេលនេះតទៅ។

ក្នុងថ្ងៃដដែលនោះ លោកបានបន្តដំណើរអញ្ជើញជាគណៈអធិបតី ក្នុងពិធីផ្ទេរសមិទ្ធផល គម្រោងចលនាសហគមន៍ និងការកែលម្អបរិស្ថាន ជូនសហគមន៍ ស្ថិតក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលអង្គការប៉ាដិក បានផ្តល់ជូននូវធុងចម្រោះទឹក ទរទឹកភ្លៀង ពាងទឹក និងការកែលម្អបង្គន់អនាម័យ។ ក្នុងកិច្ចសំណេះសំណាលនៅដែរ លោក វង្ស ពិសិដ្ឋ បានសម្តែងនូវការពេញចិត្ត និងការគាំទ្រ ដល់គម្រោងនេះ ដែលបានជួយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតពិតប្រាកដ។ លោកសូមឱ្យប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ និងរក្សាទម្លាប់ «ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត» ទើបយើងអាចរស់នៅបានយូរអង្វែង។

តំណាងអង្គការប៉ាដិក បានថ្លែងអំណរគុណ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន, ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ ក្នុងការអនុវត្តគម្រោង ហើយសង្ឃឹមថាសហគមន៍នឹងរក្សាសមិទ្ធិផល ទាំងអស់នេះ ឱ្យបានយូរអង្វែង បន្ទាប់ពីអង្គការប៉ាដិក នឹងត្រូវបញ្ចប់គម្រោងនៅចុងខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា អង្គការប៉ាដិក ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍ បច្ចុប្បន្ននេះអង្គការប៉ាដិក បាននឹងកំពុងអនុវត្តគម្រោងកៀរគរសហគមន៍ និងការកែលម្អបរិស្ថាន (cmei) នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ២០១៨៕