(រតនគិរី)៖ លោក កែវ ភក្តី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចុះផ្អាកការដ្ឋានពុះដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិប៉ាជន់ ធំឃុំឯកភាព ស្រុកអូរជុំ។

លោក ឃឹម រមនី អនុប្រធានតំណាងលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹដឹង នៅកន្លែងបើកការដ្ឋានថា ក្រុមការងារចុះមកធ្វើការផ្អាកសកម្មភាពនាពេលនេះ គឺចាក់អាចម៌ដីលើចំណីផ្លូវ ខ្ពស់ជាងផ្លូវជាតិ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដោយគ្មានការអនុញ្ញាត (បើយោងលើមាត្រា៧៤ ស្តីពីផ្លូវថ្នល់ជនណាម្នាក់រឹងទទឹងត្រូវពិន័យពី ១លានរៀល ទៅ៤លានរៀល) មានទោសទណ្ឌថែមទៀត, បើគោរពតាមការណែនាំរបស់ជំនាញត្រូវពិន័យពី ១០ម៉ឺនរៀលទៅ ១លានរៀលផងដែរ។

លោក កែវ ភក្តី បានបញ្ជាក់ថា ម្ចាស់ការដ្ឋានពុះដីឡូត៍ខាងលើនេះ ប្រឈមនឹងផ្លូវច្បាប់ចំនួន២ គឺទី១៖ ច្បាប់ផ្លូវថ្នល់ និងទី២៖ សាងសង់សំណង់គ្មានការអនុញ្ញាត។

លោកព្រះរាជអាជ្ញាធរ បានបន្តថា ក្រុមការងារឱ្យតំណាងក្រុមហ៊ុនធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពជាកំហិត និងទុកពេលឱ្យ៣ថ្ងៃ ដើម្បីម្ចាស់ការដ្ឋានពុះដីឡូត៍ចូកអាចម៌ដីចាក់លើចំណីផ្លូវខ្ពស់ជាងផ្លូវជាតិចេញវិញ។

លោក កែវ ភក្តី បានបន្ថែមថា ការដ្ឋានពុះដីឡូត៍នេះត្រូវផ្អាកសកម្មភាពបណ្តោះអាសន្នពោលរង់ចាំមានឯកសារគ្រប់គ្រាន់។

ដោយឡែកលោក លឹម សម្បត្តិ ម្ចាស់ការដ្ឋានពុះដីឡូត៍មានទីលំនៅរាជធានីភ្នំពេញ បានភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ថា ការដែលក្រុមការងារដឹកអាចម៌ដី ចាក់លើចំណីផ្លូវនេះ គឺខ្លាចរថយន្តបើកបរលើផ្លូវជាតិប៉ះពាល់អ្នកធ្វើដំណើរដូច្នេះចាក់អាចម៌ដីសិនទំរាំការដ្ឋានដំណើរការស្រួលបួលចូកអាចម៌ដីចេញពីចំណីផ្លូវវិញ៕