(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយសារតែអាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ បានធ្វើឱ្យក្រុងស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ រងនូវការវាយប្រហារដោយទឹកជំនន់។ ជាមួយគ្នានេះដែរ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកដឹកនាំក្រុមការងារនៃមន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំង៤នោះ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដោយសារតែទឹកភ្លៀងបានបន្ដធ្លាក់នៅផ្នែកខាងលេីជួរភ្នំឱរ៉ាល់ បានបណ្តាលឱ្យផ្លូវជាតិលេខ៤ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៤២ មុខបុរីសុវណ្ណ ក្រុងច្បារមន ត្រូវទឹកហូរកាត់ផងដែរ។

លោក វ៉ី សំណាង បានឱ្យដឹងថា៖ «ក្រុង-ស្រុកដែលបានរងការវាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។ បច្ចុប្បន្ន អាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុតជុំវិញករណីនេះ ហើយក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះជាយថាហេតុ»

ជាមួយនឹងការលើកឡើងនេះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ នៅមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ប្រជាពលរដ្ឋចេញពីជំនន់ទឹកភ្លៀងនេះ តែទោះយ៉ាងណាមិនទាន់មានការរាយការណ៍ណាមួយជុំវិញគ្រោះថ្នាក់មនុស្ស សត្វ និងសម្ភារផ្សេងៗទេ។

បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួនមានការកើនឡើងកម្រិតទឹកគួរឱ្យព្រួយបារម្ភ។

ទន្ទឹមនឹងនេះមន្ទីរជំនាញក៏បានដាក់ពង្រាយមន្ត្រីរបស់ខ្លួននៅតាមគោលដៅសំខាន់ៗ ដើម្បីពិនិត្យតាមដានពីការប្រែប្រួលនៃកម្ពស់ទឹកផងដែរ។ ជាមួយនេះអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពង ទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ។ តែទន្ទឹមនឹងការបើកទ្វារទឹកនេះ នៅផ្នែកខាងក្រោមនឹងមានការជន់លិចនៅចំណុចមួយចំនួន រដ្ឋបាលខេត្តបានប្រកាសឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះមនុស្សចាស់ និងកុមារតូចៗត្រូវតែបញ្ជូនទៅរកទីទួលសុវត្ថិភាព។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងដែរថា ផ្លូវជាច្រើនខ្សែត្រូវបានលិចលង់ និងកាត់ផ្តាច់ដោយអន្លើៗ ពីជំនន់ទឹកភ្លៀងនេះ។ នៃយានយន្តគ្រប់ប្រភេទត្រូវបានជាប់គាំងមិនអាចទៅមកបានចំពោះផ្លូវមួយចំនួន ហើយប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នោះផ្លូវទាំងអស់នៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ អាចនឹងបិទការធ្វើចរាចរណ៍បណ្តោះអាសន្នដោយរងចាំទឹកស្រកទៅវិញ៕