(កំពង់ធំ)៖ ផ្លូវបេតុងប្រមាណជិត៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋភូមិកំរែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមគ្នាជាថវិកា និងកម្លាំងគ្នាជួយគ្នាចាក់ជាផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក្រោយមានការចូលរួមផ្តល់ជាសម្ភារពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

លើកឡើងក្នុងឱកាសរួមគ្នាចាក់ជាផ្លូវបេតុងនេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ តំណាងប្រជាពលរដ្ឋបានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បើទោះមានការហត់នឿយបន្តិចក្កី ហើយទៅថ្ងៃមុខពួកគាត់បានផ្លូវបេតុង យ៉ាងស្អាត ធ្វើដំណើរបានស្រួល និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលផងដែរ។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាពិសេសគឺផ្ដល់នូវសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានោះតំណាងប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់សប្បុរសជនសូមឲ្យមានការចូលរួមបើទោះបីតិចកី្តច្រើនកី្ត ដើម្បីឲ្យសហគមន៍មានការរីកចម្រើនព្រោះផ្លូវបេតុងប្រមាណជិត ៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋសុទ្ធសាធ ដែលបានលះបង់ថវិកា និងកម្លាំងមកសាងសង់ផ្លូវនេះ ហើយការលះបង់ថវិកាផ្ទាល់ខ្លួនក្នុងស្ថាបនាផ្លូវបានបង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍភូមិ ឃុំ ឱ្យមានការរីកចម្រើនក្រោមដំបូលនៃសុខសន្តិភាពហើយនេះគឺជាកម្លាំងសាមគ្គីមួយក្នុងការធ្វើឱ្យសម្រេចនូវសមិទ្ធិផលដែលចង់បាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក ងួន រតនៈ និងក្រុមការងារបានចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែដែលកសាងដោយសហគមន៍ហើយបានប្រកាសចូលរួមឧបត្ថម្ភនូវស៊ីម៉ង់ត៍ចំនួន៦០តោន និងថ្មខ្មៅ ១គុណ២ ចំនួន ១០០ម៉ែត្រគូប ហើយក្នុងនោះម្ចាស់គម្រោងដីឡូតិ៍សុខសាន្ត ក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ២០តោនផងដែរ។

បើតាមលោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បានថ្លែងផ្លូវបេតុងប្រមាណជាង ១,៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់ ១.៥តឹក គឺជាថវិការបស់មូលនិធិឃុំ សង្កាត់ បានស្ថាបនារួចហើយ ប៉ុន្តែដោយសារសង្កាត់នេះមានភាពធំហើយ ផ្លូវក៏ច្រើនមិនអាចគ្រប់តម្រូវការតាមភូមិទើបប្រជាពលរដ្ឋបានប្រមូលថវិកាផ្ទាល់ខ្លួនស្ថាបនាបន្ថែមទៀតផងដែរ៕