(ម៉ាល់ឌីវ)៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោក Mohamed Nasheed ប្រធានរដ្ឋសភាម៉ាល់ឌីវ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាល់ឌីវ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយសម្រាប់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥។

សូមបញ្ជាក់ថា កម្ពុជា និងម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ ស្ទើតែមិនទាន់មានទំនាក់ទំនងជាមួយគ្នានោះទេ រួមទាំងការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវការ ពាណិជកម្មទ្វេភាគី និងការទំនាក់ទំនងខាងវប្បធម៌។

ម៉ាល់ឌីវ គឺជាប្រទេសដែនកោះមួយ ស្ថិតក្នុងមហសាសមុទ្រឥណ្ឌា ដែល មានផ្ទៃក្រឡាទំហំជិត ៣០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជាង កន្លះលាននាក់។ ផលិតផលសរុបរបស់ប្រទេសម៉ាល់ឌីវជិត ៥ប៊ីលានដុល្លា រក្នុងឆ្នាំ២០២០។ ផលិតផលជាតិសម្រាប់ប្រជាជនម្នាក់ជិត ៩ពាន់ដុល្លារ សម្រាប់ឆ្នាំ២០២០។

សេដ្ឋកិច្ចរបស់ប្រទេសម៉ាល់ឌីវ ពឹងផ្អែកលើវិស័យសេវាកម្ម ៧៨ភាគរយ ឧស្សាហកម្ម ១៣ភាគរយ និងកសិកម្ម ៨.៨ភាគរយ។ ផលិតផលនាំចេញក្រៅប្រទេសមានទំហំជិត ២ប៊ីលានដុល្លារ ផលិតផលនាំចូលពីក្រៅប្រទេសមាន ២.៥៦ប៊ីលានដុល្លារ។

ទេសចរណ៍ជាវិស័យសេដ្ឋកិច្ចចម្បង រួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណ ២៨ភាគរយ។ ម៉ាល់ឌីវ បានចាប់ផ្តើមបើកប្រទេសឡើងវិញ ដើម្បីទទួួលទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ម៉ាល់ឌីវ ជាគោលដៅទេសចរណ៍កោះ រួមមាន ការកម្សាន្តបែបអេកូទេសចរណ៍ តាមឆ្នេរ ដែលត្រូវបានចាត់ទុកជាឆ្នេរស្អាតជាងគេនៅលើពិភពលោកជាប់លំដាប់ទី១។

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ម៉ាល់ឌីវ ទទួលបានទេសចរណ៍អន្តរជាតិ ជិត១លាន ៥សែននាក់ កើនឡើង ៣២.៥ភាគរយ។

កម្ពុជា និងម៉ាល់ឌីវ មានគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ រួមមាន ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការចែករំលែកព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍធនធានមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចឬណ៍ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ រវាងមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ និងលំហូរទេសចរប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕