(ភ្នំពេញ)៖ លោក ទិត ដាលីន ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។ នេះបើតាមដីការឃុំខ្លួនបណ្តោះអាសន្ន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នពេញ។

តាមដីការនេះ ចៅក្រមស៊ើបសួរ បានបង្គាប់៣ចំណុចដូចតទៅ៖

១៖ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ (មានសាវតាជាតិដួចខាងលើ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់។
២៖ ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ។
៣៖ ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។

ការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កម្លាំងនគរបាលពិតជាបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា ប្រាកដមែននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តដីកាបង្គាប់ឲ្យខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាតុលាការ បានឱ្យដឹងថា លោក ថាច់ សេដ្ឋា ធ្លាប់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។ ប៉ុន្តទោះជាយ៉ាងនេះក្តី នាពេលកន្លងមក តុលាការបានរកឃើញថា លោកមិនបានបំពេញកាតព្វកិច្ច តាមការបង្គាប់របស់តុលាការឡើយ៕