(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់អនុសាសន៍ណែនាំបទបញ្ជាទៅកាន់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការទប់ស្កាត់ជនទុច្ចរិតដែលបំផ្លិចបំផ្លាញ កាប់កកាយ និងជួញដូរសម្បត្តិបេតិកភណ្ឌ និងលើកទឹកចិត្តអ្នកដែលស្ម័គ្រចិត្តចូលរួមទប់ស្កាត់ ការពារ ក៏ដូចជាស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកឱ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សាឡើងវិញ។
សម្ដេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការឱ្យបានជាដាច់ខាតក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។
សម្ដេចក្រឡាហោមបានណែនាំបន្តថា អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ និងរៀបចំកំណត់ទីតាំងឈរជើងការពារអាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។
ចំពោះអង្គភាពនគរបាលការពារបេតិកភណ្ឌ គឺត្រូវបង្កើនការអប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការនិងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត តាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់ ព្រមទាំងវិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត។ នេះបើតាមការបន្ថែមរបស់សម្ដេចក្រឡាហោម ស ខេង។
ក្រៅពីនេះ អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវបន្តពង្រឹងកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ និងរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាពសន្តិសុខភ្ញៀវជាតិនិងអន្តរជាតិ ដែលមកបំពេញបេសកកម្ម ធ្វើទស្សនកិច្ច ឬធ្វើទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរសៀមរាប និងតំបន់ផ្សេងៗ។
សម្ដេចក្រឡាហោមបានបន្ថែមទៀតថា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធត្រូវបន្តខិតខំថែរក្សាបរិស្ថានធម្មជាតិដែលជាផ្នែកមួយនៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ តាមរយៈការដាំដើមឈើឡើងវិញបង្កើនភាពបៃតង បន្តស្តារប្រព័ន្ធធារាសាស្រ្តបុរាណដើម្បីពង្រឹងកិច្ចការអភិរក្ស ក៏ដូចជាបង្កើតបាននូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិលម្ហែ និងកម្សាន្ត។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ទៅកាន់អាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តចូលរួមនិងទំនាក់ទំនងជាមួយអង្គការយូណេស្កូ និងអង្គការអន្តរជាតិនានា ដើម្បីទទួលការណែនាំ និងការផ្សព្វផ្សាយគោលការណ៍ផ្សេងៗ សំដៅបម្រើឱ្យការងារការពារបេតិកភណ្ឌវប្បធម៌៕