(ភ្នំពេញ)៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតវិធីបង់ប្រាក់ប្រើប្រាស់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាមួយជម្រើសសម្បូរបែប ដើម្បីសម្រួលការឆ្លងកាត់ របស់អ្នកដំណើរ ជាពិសេសកាត់បន្ថយការកកស្ទះនៅថ្ងៃបុណ្យទាន ឬឈប់សម្រាក។

ជម្រើសនៃការបង់ប្រាស់ប្រើប្រាស់ផ្លូវល្បឿនលឿនមាន៣យ៉ាងរួមមាន៖

១៖ គន្លង ETC៖ ជាច្រកអាទិភាព មានរបាំងបើកចេញចូល ដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC។ ការប្រើគន្លងនេះ តម្រូវឱ្យចុះឈ្មោះប្រើប្រាស់, បំពាក់ឧបករណ៍ OBU ដោយស្នើនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង បន្ទាប់មកបញ្ចូលប្រាក់តាមផ្លាកលេខ។

២៖ គន្លង ANPR៖ ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ ដោយមិនតម្រូវឱ្យបំពាក់ឧបករណ៍ OBU ឬយកកាត់នោះទេ។ តែតម្រូវឱ្យបញ្ចូលប្រាក់ជាមុនទៅក្នុងផ្លាកលេខ។ ការបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខដោយវិធីងាយស្រួលតាមរយៈបណ្តាញកម្មវិធីធនាគារ (APP) លើទូរស័ព្ទដៃរបស់លោកអ្នក។ ដោយគ្រាន់តែចូលទៅកន្លែងទូទូតប្រាក់ ហើយចុចលើពាក្យ PPSHV Expressway ហើយធ្វើតាមការណែនាំជាបន្តបន្ទាប់ជាការស្រេច។

៣៖ គន្លង MTC៖ ជាគន្លងតម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ការប្រើប្រាស់គន្លងនេះ ក្នុងករណីមានចរាចរណ៍មមាញឹក អ្នកដំណើរប្រឈមនឹងការរង់ចាំយូរ។