(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានបន្តចុះទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពមីន មានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្ត​សៀមរាប លើផ្ទៃដីប្រមាណ ១២ហិចតា​។

សារមន្ទីរ​នេះដែរ ប្រមូលម្តុំនៃ​ការ​តាំង​នៅ​គ្រឿង​សព្វាវុធ​តូច​ធំ​គ្រប់​ប្រភេទ ​សល់​ពី​សម័យ​សង្គ្រាម មីនកម្ចាត់មនុស្ស មីនកម្ចាត់រថក្រោះ គ្រាប់ និងកាំភ្លើងធំតូចគ្រប់ប្រភេទ រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន និងរូបបែបសិល្បផ្សេងៗ ដែលច្នៃចេញពីការសំណល់សង្គ្រាម។ សារមន្ទីរសន្តិភាពសកម្មភាពមីននេះ ក៏មានការរៀបចំដាក់បង្ហាញអំពីប្រវត្តិសង្គ្រាម សកម្មភាពក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍក្រោយពេលបោស សំអាតសំណល់ជាតិផ្ទុះរួច។

ជាមួយនេះដែរសារមន្ទីរនេះ ក៏ផ្តល់ប្រយោជន៍ខ្លាំងសម្រាប់យុវជន យុវតីជំនាន់ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើង នៅក្នុងប្រទេសមានសង្រ្គាមផងដែរ៕