(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញ​ឱ្យយកស្នាដៃរបស់ក្រុមនិស្សិតនៃសាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ ដែលបានរចនាច្នៃម៉ូតផ្ទះបែបខ្មែរ​ចំនួន ១៥០ម៉ូឌែល ធ្វើជាគម្រូសម្រាប់សាងសង់នៅតំបន់រុនតាឯក និងពាក់ស្នែង នៅខេត្តសៀមរាប បោះពុម្ពជាសៀវភៅ ដើម្បីទុកជាស្នាដៃរបស់កូនខ្មែរ និងដើម្បីឱ្យបរទេស បានសិក្សាស្វែងយល់ពីផ្ទះបុរាណខ្មែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់ពាន់រង្វាន់ ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះ ប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

លោកកត់សម្គាល់ថា ​តាមរយៈស្នាដៃនៃ​ការរចនាម៉ូតផ្ទះបែបខ្មែរ ​របស់ក្រុមនិស្សិតទាំង៥៣ក្រុម គឺមានគំនិតប្លែកៗពីគ្នា ហេតុនេះ គួរតែមានការបោះពុម្ភជាសៀវភៅ ដើម្បីរក្សាជាសម្បត្តិរដ្ឋរបស់កម្ពុជា។

លោកមានប្រសាសន៍ថា «ឃើញរបៀបដែលក្មួយៗម្នាក់ៗរចនាឡើង និងពន្យល់ពីលក្ខណៈរបស់ផ្ទះ មានខ្យល់ចេញចូល និងតម្លៃនៃការធ្វើ វាជាការច្នៃប្រឌិតមួយដ៏ធំណាស់ ដូច្នេះមិនគួរបោះបង់ចោលទេ គួរតែរៀបចំជាសៀវភៅមួយ ហើយមិនខ្វះទេអ្នកចាំឧបត្ថម្ភ ដើម្បីបោះពុម្ភសៀវភៅនេះ ដើម្បីធ្វើយ៉ាងឱ្យយើងមានមោទនភាពជាខ្មែររបស់យើង។​ មោទនភាពខ្មែរ មិនមែនអាងតែអង្គរវត្តមួយទេ យើងអាងរឿងច្រើនទៀត ដូចជាសិល្បៈ រចនាបទផ្ទះរបស់យើងច្រើនណាស់ ដែលយើងគួរគាស់កកាយពីលក្ខណៈផ្ទះរបស់យើងនេះ»

​ជាមួយគ្នានេះ នៅថ្ងៃខាងមុខលោករដ្ឋមន្ត្រី ក៏ចង់ឱ្យរៀបចំបោះសៀវភៅរចនាបទម៉ូតផ្ទះខ្មែរនេះ ជាភាសាបារាំង និងអង់គ្លេសបន្ថែមទៀតផងដែរ ដើម្បីឱ្យបរទេសបានសិក្សា និងស្គាល់ពីម៉ូតផ្ទះរបស់ខ្មែរ ព្រោះរាល់ដងគេមិនសូវស្គាល់ទេផ្ទះខ្មែរនោះ។

សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យ និងមានផាសុខភាពដល់ប្រជាជន​ សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGEN21 GLOBAL បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការប្រែក្លាយតំបន់រុនតាឯក ទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយ ក្នុងពេលអនាគត។

ក្នុងការប្រកួតប្រជែងស្នាដៃនេះ មាននិស្សិតចំនួន៥៣ក្រុមបានចូលប្រកួតប្រជែង និងតម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន ៣ម៉ូតផ្សេងគ្នា ហើយការចំណាយលើការសាងសង់ ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាព របស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

​លោកស្រី លី ច័ន្ទលក្សី នាយិកាក្រុមហ៊ុន AGEN21 GLOBAL បានថ្លែងថា កម្មវិធីប្រគល់ពានរង្វាន់ប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះ បង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់របស់កូនខ្មែរ ដែលបានរចនាផ្ទះបែបផ្ទះ សម្រាប់ប្រជាជននៅតំបន់រុតាឯក និងពាក់ស្នែង។ នៅពេលខាងមុខនេះ ក្រុមហ៊ុន AGEN21 GLOBAL ប្តេជ្ញាថានឹងនាំយកម៉ូតផ្ទះដ៏ស្រស់ស្អាត ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ៕