(កណ្តាល)៖ ថ្លែងទៅកាន់សិស្សានុសិស្សជាប់និទ្ទេស A ដល់និទ្ទេស D និងអ្នកចូលរួមជិត ១ពាន់នាក់ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣, ថ្នាក់ដឹកនាំខេត្តកណ្ដាល ផ្ដាំផ្ញើឲ្យខំរៀនឲ្យខ្លាំង កុំឲ្យចាញ់កូនបរទេស, មនុស្សយើងកើតមកគ្មាននរណានាំសំពាយបុណ្យ នាំខួរក្បាលឆ្លាតមកជាមួយទេ តែការខំរៀន ខំស្រាវជ្រាវទេតើ ទើបយើងអាចក្លាយជាជនដែលមានបញ្ញាខ្ពស់ ទន្ទឹមនោះក៏មិនត្រូវប្រាសចាកសីលធម៍សង្គមផងដែរ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុនាមជាអធិបតីរួមនឹងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល គុណធម៌ និងភាពថ្លៃថ្នូរ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌ និងទទួលបានការទទួលស្គាល់ពីកម្រិតស្តង់ដារការងារជាតិ និងអន្តរជាតិ ក្នុងការឈានជើងចូលទៅបម្រើការក្នុងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល ឬហៅថា បដិវត្តឧស្សាហកម្ម ៤.០។

ថ្លែងក្នុងពិធីនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាក់ថា ពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់នាពេលនេះ គឺធ្វើតាមការសន្យា។ ដូច្នេះពេលក្មួយៗបានម៉ូតូទៅហើយ កុំភ្លេចឡើយការសិក្សា ព្រោះមានតែខំហ្វឹកហាត់ ដុសខាត់ ប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវទេ ដែលនាំឲ្យកូនៗ ក្មួយៗ អាចក្លាយជាអ្នកដឹកនាំនាពេលអនាគតបាន។

លោកថា ពេលដែលខ្លួនខ្លាំង មានសមត្ថភាពខ្លាំង យ៉ាងហោចណាស់ក៍អាចរំដោះជីវភាពខ្លួន ក្រុមគ្រួសារ ចេញពីភាពក្រីក្របានដែរ ជួនកាលមើលមិនឃើញ អាចក្លាយជាប្រធានស្ថាប័ណណាមួយក៍អាចថាបាន ដូច្នេះកុំគិតវែងឆ្ងាយចំពោះអនាគត ប៉ុន្តែត្រូវតោងឲ្យបាននូវការខំរៀនយ៉ាងពិតប្រាកដ។ គ្រប់ប្រទេស គ្រប់ស្ថាប័ណទាំងអស់លើសាកលលោក គេចង់បាមអ្នកខ្លាំងពូកែ មិនចង់បានអ្នកខ្សត់ខ្សោយឲ្យគេអាណិតនោះទេ។ កូនៗ ក្មួយៗត្រូវចាំបណ្ដាំរបស់ខ្ញុំ។

សូមជម្រាបថា រង្វាន់ម៉ូតូ និងថវិកាដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ក្រុងតាខ្មៅ គឺចំពោះ សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ ស្រី ១៥នាក់ ទទួលបានម៉ូតូ Honda Dream សេរីឆ្នាំ២០២៣ ម្នាក់ ១គ្រឿង សិស្សជាប់និទ្ទេស B ១១៨ នាក់ ស្រី ៧៧នាក់ ទទួលបានថវិកាម្នាក់ ៤០ម៉ឺនរៀល សិស្សជាប់និទ្ទេស C ២៨៦ ស្រី ១៦១នាក់ ទទួលបានថវិកាម្នាក់ ៣០ម៉ឺនរៀល និទ្ទេស D ៤០០នាក់ ស្រី ២២៦នាក់ ទទួលបានថវិកាម្នាក់ ២០ម៉ឺនរៀល។

ដោយឡែកគណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងឯកជន លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់ ក្នុងក្រុងតាខ្មៅ ទទួលបានថវិកាម្នាក់ ១០ម៉ឺនរៀលផងដែរ ,ក្នុងនោះ
សាលាអន្តរជាតិ វេស្ទលែនដ៍ មានសិស្សនិទ្ទេស A ចំនួន៥នាក់ និងជាសាលាជាប់ចំណាត់ថ្នាក់លេ១ ដែលមានចំនួនសិស្សថ្នាក់ទី១២ ប្រឡងជាប់ច្រើនជាងគេបំផុត ក្នុងក្រុងតាខ្មៅ ស្មើនឹង ៩៥,៤១% ហើយជាប់ឈ្មោះជាសាលាឯកជន ល្អដាច់គេ ប្រចាំខេត្តកណ្តាល៕