(កំពង់ធំ)៖ ក្រសួងទេសចរណ៍ បានបើកវគ្គសិក្ខាសាលាស្ដីពី «ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនាឱកាសពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ» ក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងលោកបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធាន នៃការពិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារក្លរៀស ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិក្សានុសិស្សនិងអាជីវករជាច្រើនរូបផងដែរ។

លោក ជា វ៉ាន់ចាន់ បានលើកឡើងថា ដោយយោងអនុក្រឹត្យស្ដីពីបុណ្យទន្លេត្រូវបានកំណត់យកសប្តាហ៍ទី១ នៅទី២ នៅខែមីនា រៀងរាល់ឆ្នាំ២ ដើម្បីរៀបចំបុណ្យទន្លេដោយមានការផ្លាស់ប្ដូរវេន នៅតាមបណ្ដាខេត្តជាប់ដងទន្លេ នៃកម្ពុជា ហើយនៅក្នុងពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួម ក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍ធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ជុក ជំនោរ បានបញ្ជាក់ដល់អាជីវករថា នៅក្នុងកម្មវិធីបុណ្យទន្លេអាជីវករទាំងអស់ ត្រូវដាក់ស្លាកយីហោអក្សរខ្មែរនៅចំខាងលើ ស្លាកយីហោអាជីកម្មដ្ឋានទេសចរត្រូវសរសេរអក្សរអង់គ្លេស បន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំ១/២ នៃទំហំអក្សរខ្មែរ។

ប្រសិនបើអាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេសទី៣ អាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានអក្សរ១/២ នៃទំហំអក្សរខ្មែរដែរ ត្រូវរៀបចំបញ្ជីតារាងបញ្ជីឈ្មោះមុខម្ហូបពិសាខ្មែរអង់គ្លេស និងភាសាបរទេសផ្សេងទៀត ទៅតាមតម្រូវការចាំបាច់របស់ភ្ញៀវ និងភ្ជាប់ជូននូវតារាងបញ្ជីមុខម្ហូបនោះ មកក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ដើម្បីស្នើសុំបញ្ជាក់ឯកភាពលើការប្រើប្រាស់ពាក្យពេចន៍ មុននឹងបោះពុម្ពផ្សាយការដាក់ឈ្មោះមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌និងប្រពៃណីខ្មែរ។

លោកបញ្ជាក់ទៀតថា ការរៀបចំឲ្យមានសិក្ខាសាលានេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍មានការចំណាយតិចហើយទទួលបានសេវាកម្មល្អ និងមកទស្សនាបានច្រើនក្នុងកម្មវិធីដោយមានភាពសប្បាយរីករាយនិងមានចំណងមិត្តភាព ភាតរភាពចូលរួមលើកស្ទួយ និងស្ដារសេដ្ឋកិច្ចទេសចរឡើងវិញក្រោយវិបត្តិកូវីដ ចូលរួមកាត់បន្ថយភាពក្រីក្រ និងផ្ដល់ការងារជូនដល់បងប្អូនប្រជាពលរដ្ឋ។

ចុងក្រោយលោកបណ្ឌិត ជុក ជំនោរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមធ្វើដំណើរកំសាន្តតាមរយៈការទិញកញ្ចប់ទស្សនកិច្ចដែលរៀបចំដោយការីទេសចរណ៍ដើម្បីលើកស្ទួយវត្ថុក្នុងស្រុក៕