(​ភ្នំពេញ)៖ ​មេ​តុងទីន​ម្នាក់ត្រូវបានសមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃឃាត់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនរបស់​​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណីឆបោក និង​ចេញសែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​ គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី​កម្ពុជា។

យោងតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជា​មួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(​ដូច​មាន​ក្នុង​ឧ​បស​ម្ពន្ធ​ភ្ជាប់​) ដោយ​ដើម​បណ្តឹង​ជា​កូន​តុងទីន​បាន​បង់គ្រប់​ចំនួន និង​ដល់​ពេល​ត្រូវ​កើប​ប្រាក់​តុងទីន​ទាំងអស់​វិញ សរុប៣២៧,១៦០ដុល្លារ​អា​មេ​រិ​ក​ពី​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ទើប​ពួក​គាត់​ចេញ​ជា​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន២២៩,៦៦០ដុល្លារ​អា​មេ​រិ​ក និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ចំនួន​បន្ថែម​ទៀត។

ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ក្នុង​មូលប្បទានបត្រ​ខាងលើ​នៅ​ធនាគារ (​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣) ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​តាម​កាលកំណត់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានបត្រ​នេះ​មិន​មាន​សាច់ប្រាក់​ទេ ហើយ​ត្រូវ​បាន​ខាង​មេ​តុងទីន​ប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង។

ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅ​មានកូន​តុងទីន​ជា​ច្រើន​នាក់​ដែល​រង​គ្រោះ ដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ​វេច​លុយ​រត់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត២លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រង​គ្រោះ​ទាំង​អស់នោះ កំពុងរៀបចំ​ឯកសារ​ពាក់​ព័ន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីនបន្តបន្ទាប់​ទៀតផងដែរ៕