(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ បានពិនិត្យការសង់លំនៅដ្ឋានបណ្ដោះអាសន្ន រួមជាមួយការងារបំពាក់អគ្គិសនី តបណ្ដាញទឹកស្អាត និងបន្ទប់ទឹកជូនប្រជាពលរដ្ឋចំនួន៦៥ខ្នងផ្ទះ ដែលរងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដើម្បីពន្លឿនការសម្របសម្រួលជូនប្រជាពលរដ្ឋរងគ្រោះឱ្យឆាប់បានទីជម្រកបណ្ដោះអាសន្ននោះ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ និងលោកស្រី ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកណ្ដាល និងក្រុងតាខ្មៅ បានចុះជួបប្រជាពលរដ្ឋផ្ទាល់នៅភូមិព្រែកថី៤៣ និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលពួកគាត់ជាគ្រួសាររងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។

លោកអភិបាលខេត្តក៏បានជំរុញនិងលើទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ក្រុមជាង និងកម្មករ ក្នុងការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន បន្ទប់ទឹក បំពាក់បណ្ដាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានរួចរាល់។

នាឱកាសនោះដែរ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ ក៏បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំង២ភូមិខាងលើ ព្រមទាំងបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះការរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងការកើតនូវជំងឺដង្កាត់នានា។

ក្នុងនាមរដ្ឋបាលខេត្តនឹងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្តទៅទៀត និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយដល់ការហូបចុក និងការស្នាក់នៅបណ្ដោះអាសន្ននៅទីនោះ។

គួរជម្រាបថា ការរងគ្រោះរបស់ប្រជាពលរដ្ឋទាំង៦៥គ្រួសារខាងលើ និងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដទៃផងនោះ គឺដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើងយ៉ាងលឿនចន្លោះថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាមដងស្ទឹង និងព្រែកមួយចំនួនដែលជាបណ្ដាញរបស់ស្ទឹងព្រែកត្នោត ដោយខ្លះត្រូវធ្លាក់ទៅតាមទឹកព្រែក បាក់ច្រាំង នាំឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ទីជម្រក៕