(ខេត្តព្រះសីហនុ)៖ លោកស្រីឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានឧបត្ថម្ភថវិកា ៩,៥០០ដុល្លារ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់កសាងសមិទ្ធផលនានា។

ការឧបត្ថម្ភថវិកានេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីឧកញ៉ា និងស្វាមី បានដឹកនាំក្រុមការងារចុះទៅទស្សនកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

បើតាមលោកវរសេនីយ៍ត្រី ពិន ធារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងកោះរ៉ុង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្រុងកោះរ៉ុងគឺ ជាក្រុងមួយរបស់ខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី ហើយមូលដ្ឋានកងរាជអាវុធហត្ថក្រុងនេះ ក៏ទើបបង្កើតថ្មីដូចគ្នាផងដែរ។ ដូច្នេះត្រូវការកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ឱ្យកងកម្លាំងស្នាក់នៅធ្វើការងារឱ្ុបានត្រឹមត្រូវសមរម្យក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

លោកមេបញ្ជាការ បានបន្ថែមថា សមិទ្ធផលជាច្រើនដែលបានកសាងនោះមានដូចជា៖ អគាររដ្ឋបាល១ខ្នង ទំហំ៧ម៉ែត្រគុណនឹង៣២ម៉ែត្រ, អគារផ្ទះបាយ១ខ្នង ទំហំ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ។ បន្ទប់ទឹកប្រុស១, បន្ទប់ទឹកស្រី១, បន្ទប់ចំអិនអាហារ, បន្ទប់ទទួលទានអាហារ, ចាក់បេតុងព័ទ្ធជុំវិញអគាររដ្ឋបាល, ខឿនដងទង់ជាតិ និងសួនច្បារជាដើម។

លោកវរសេនីយ៍ត្រី ពិន ធារ៉ា បានបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការខាងលើនោះហើយ ខណៈពេលដឹកនាំក្រុមការងារចុះទៅទស្សនកិច្ចនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុងនោះ។ លោកស្រីឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានជួយឧបត្ថម្ថម្ភនូវថវិកាចំនួន ៩,៥០០ដុល្លារ សម្រាប់ការកសាងសមិទ្ធផលទាំងនោះ ហើយនេះគឺជាការឧបត្ថម្ភលើកទី២ហើយ ដែលកាលពីលើកមុនលោកស្រីឧកញ៉ា និងស្វាមីបានឧបត្ថម្ភចំនួន៣ពាន់ដុល្លារ រួចម្ដងមកហើយ។

មេបញ្ជាការរូបនេះ បានរៀបរាបថា ការកសាងសមិទ្ធផលទាំងអស់ចំណាយថវិកាអស់ចំនួន ១៤ម៉ឺនដុល្លារ ហើយបានកើតចេញពីការចូលរួមចំណែករបស់សប្បុរសជននានាជាច្រើនដែលបានជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ក្នុងនោះរួមមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោកឧកញ៉ា ទៀ វិចិត្រ, លោកស្រី ទ្រី ដាណា និងសប្បុរសជនជាច្រើនទៀតដែលពុំបានរាយនាមអស់។

លោកក៏សូមថ្លែងអំណរគុណខ្លាំងបំផុតចំពោះទឹកចិត្តសប្បុរសជនទាំងអស់ខាងលើ ដែលបានចូលរួមចំណែកកសាងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុងនេះ ដើម្បីសម្រួលដល់ទីកន្លែងធ្វើការងាររបស់កងកម្លាំងកងរាជអាវុធហត្ថទាំងក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគតខាងមុខច្រើនជំនាន់ទៀតផងដែរ៕