(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធករណីចែកចាយ នៅលើបណ្ដាញសង្គមដែលបង្ហាញពីសកម្មភាពនារីម្នាក់ ត្រូវបានមនុស្សមួយក្រុមស្លៀកឈុតខ្មៅ ចាប់ញាត់ចូលឡាន នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នោះ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មាននារីម្នាក់គាត់ស្រវឹង ហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការនេះសន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក។

ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមក Live ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡេីយ ឃេីញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ ។ លុះដល់ម៉ោង១១៖៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វេីការសួរនាំ ឬ ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វេីឲ្យមានការយល់ប្រឡំ ជាពិសេសអាចធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ៕