(ស្វាយរៀង)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានទទួលបណ្តឹងមួយពីជនរងគ្រោះ ឈ្មោះ ង្វៀង ធីហុងហ្គាម (NGUYEN THI HON GAM) ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពជិះឆក់នៅក្រុងបាវិត។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។ សម្ភារៈក្នុងកាបូបស្ពាយ រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាក iPhone 12 Pro Max កាតATM ចំនួន៤សន្លឹក សំបុត្រកំណើតកូន១សន្លឹក និងប្រាក់ចំនួន ៤០០ដុល្លារ។

ក្រោយធ្វើការស្រាវជ្រាវ កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ ឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ អាយុ១៨ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត និងទី២៖ ឈ្មោះ អ៊ុង ចន្ធី ហៅពៅ អាយុ២៦ឆ្នាំ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ប្រាកដមែន។ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត៕