(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានទម្លាយអំពីរឿងទទួលជួប លោក ថាច់ សេដ្ឋា កាលពីពេលកន្លងទៅ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកធ្លាប់ស្នើឱ្យ លោក ថាច់ សេដ្ឋា បញ្ឈប់វប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌ ដែលបន្សល់ទុកដោយ អតីតមេដឹកនាំគណបក្សភ្លើងទៀនកន្លងទៅ ហើយងាកមកឃោសនាតែអ្វីដែលជាគោលនយោបាយបក្សខ្លួន ដែលនេះទើបជាការប្រកួតប្រជែងត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ខ្ញុំប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយតែនយោបាយខ្លួនឯងទៅ អាយុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការ​ជេរ លាបពណ៌ ប្រឆាំងពូជសាសន៍...ដើម្បីបង្កើតកំហឹង»។​

លោកបណ្ឌិតបានបន្តថា ពេលនោះលោកជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល។ លោកបានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន ខ្លាចចាញ់ឆ្នោតទៅវិញទៅនាំឱ្យមានជំនួបបនេះ។

«ភាពមិនទៀងត្រង់បែបនេះ ច្បាប់គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់ដើម្បីបង្កើនទំនុកទុកចិត្តគ្នា បើអ្នកឯងជេរលេងហួសព្រំដែន ត្រូវតែទទួល។ ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សា ប្រជាធិបតេយ្យប្រកបដោយកសារទទួលខុសត្រូវ និងទុកចិត្តគ្នា លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា ជំនួបរវាង លោក ហ៊ុន ម៉ាណែត និងលោក ថាច់​ សេដ្ឋា បានធ្វើឡើងតាំងតែពីមុនពេល លោក ថាច់ សេដ្ឋាត្រូវបានចាប់ខ្លួនម្ល៉េះ។ លោកថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីចេញសែកគ្មានប្រាក់ និងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាការព្រៃស៕