(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៥រូប។

ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលត្រូវបានប្រកាសចូលកាន់តំណែង នាឱកាសនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន
*ទី២៖ លោកឧត្ដមសេនីយ៍ឯក សែម សុតាន់ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍
*ទី៣៖ លោកឧត្ដមសេនីយ៍ទោ ឆឹង កុមារ ជាប្រធានអង្គភាពតម្រួតបទបញ្ជា
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
*ទី៥៖ លោកឧត្ដមសេនីយ៍ឯក អ៉ឺង ដារ៉េត ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់ប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ ដឹកនាំគ្រប់គ្រងកងកម្លាំងដោយប្រកាន់ខ្ជាប់នូវគុណភាព ត្រូវមានតម្លាភាព គណនេយ្យភាព ចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង តែត្រូវច្បាស់លាស់ម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា ប្រធានអង្គភាពត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ពាក់ព័ន្ធការគិបកេងលុយកាក់ដែលជារបររបស់មន្ដ្រីក្រោមឱវាទខ្លួន។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់កសាងអង្គភាព លើកកម្ពស់ស្មារតី រក្សាសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអង្គភាពខាងក្រៅ ហើយដាច់ខាតត្រូវតែធ្វើជាគំរូល្អ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រំលឹកទៀតថា ប្រធានអង្គភាពត្រូវតែគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារ នៅពេលមានទុក្ខលំបាកត្រូវចេះជួយតាមលទ្ធភាពដែលខ្លួនមានដោយបង្ហាញពីស្មារតីយកចិត្តទុកដាក់។ លើសពីនេះ ត្រូវបង្ហាញស្មារតី ឆន្ទៈ ភាពស្មោះត្រង់ដល់មន្ដ្រីរបស់ខ្លួន បើមិនដូច្នេះទេនឹងប្រាស់ចាកជាមួយក្រមសីលធម៌របស់កងកម្លាំង៕