(ភ្នំពេញ)៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុងបាត់ដំបង ត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងឆ្លាតអាស៊ាន ឬ Smart City ដែលមានសមាជិកទីក្រុងចំនួន២៦។

លោក សុខ លូ បានអះអាងថា បណ្តាញទីក្រុងឆ្លាតអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៨ មានក្របខណ្ឌទីក្រុងឆ្លាតអាស៊ានដែលចង្អុលបង្ហាញអំពីយុទ្ធសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទីក្រុងប្រធានបទអភិវឌ្ឍដែលត្រូវផ្តោតយកចិត្តទុកដាក់ និងកត្តាជម្រុញការងារទីក្រុងឆ្លាត។

រដ្ឋបាលខេត្តបាត់ដំបង បានលើកគម្រោងអភិវឌ្ឍធំចំនួន២ គឺការគ្រប់គ្រងលំហសាធារណៈ និងចំណីផ្លូវ និងការគ្រប់គ្រងសំណល់រឹង និងរាវ។ តាមរយៈព្រឹត្តិការណ៍របស់បណ្តាញទីក្រុងឆ្លាតអាស៊ាន រដ្ឋបាលខេត្តបានធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍមួយចំនួន រួមមាន ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន អង្គការ UNESCAPធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនជប៉ុន។

លោកអភិបាលខេត្តបានបន្ដទៀតថា រដ្ឋបាលខេត្តក៏បានខិតខំតម្រង់ទិស ការអភិវឌ្ឍឲ្យស្របតាមគោលគំនិតទីក្រុងឆ្លាតផងដែរ។ ជាលទ្ធផលនៃការខិតខំ និងការចូលរួមពីអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត ទទួលបាននូវសមទ្ធិផល ដូចខាងក្រោម៖

* លើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ (រៀបចំសំយ៉ាប ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ផ្លូ) តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងក្រុង
* ផលិតបានផែនទីបង្ហាញផ្លូវ/ប្លង់គោលអភិវឌ្ឍន៍ក្រុងបាត់ដំបងប្រកបដោយចីរភាព និងឆ្លាតវៃ
* ចុះអនុស្សរណនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនជប៉ុនចំនួន ៣ក្រុមហ៊ុន ដើម្បីសិក្សាជំរុញ ការអនុវត្តគម្រោងទីក្រុងឆ្លាត ក្រុងបាត់ដំបង ដែលបានលើកឡើងក្នុងផែនទីបង្ហាញផ្លូវ
* បានពិភាក្សាជាមួយធនាគារអភិវឌ្ឍអាស៊ី លើគម្រោងគ្រប់គ្រងហិរញ្ញវត្ថុឆ្លាតលើសេវាប្រមូលសំរាម ដូចជា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងបង្កើត ឲ្យមានការបង់សេវាប្រមូលសំរាមតាម អនឡាញ៕