(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកែលម្អព្រលានយន្ដហោះវាលបែកចាន នៅខេត្តបាត់ដំបងឡើងវិញ ហើយលើកកម្រិតទៅ 4C សំដៅទាក់ទាញភ្ញៀវទេសចរទៅកាន់ទឹកដីបុរាណមួយនេះ។

នេះបើតាមការឲ្យដឹងពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង»

បើតាមលោក សុខ លូ កម្រិតប្រភេទ 4C ដែលត្រូវកែលម្អព្រលានយន្ដហោះវាលបែកចាននេះ គឺស្មើនឹងទំហំព្រលានយន្ដនៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែលោកអភិបាលខេត្ត មិនទាន់អាចបញ្ជាក់បានថា នឹងបើកការដ្ឋាននៅពេលណានោះទេ ខណៈបច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងរដ្ឋបាលខេត្ត កំពុងប្រជុំដើម្បីដោះស្រាយផលប៉ះពាល់។

អភិបាលខេត្តបាត់ដំបង បានថ្លែងយ៉ាងដូច្នេះថា «កាលពីឆ្នាំ២០១៩ សម្ដេចតេជោ បានផ្ដល់អនុសាសន៍កែប្រែព្រលានយន្ដហោះវាលបែកចាន ទៅជាព្រលានយន្ដហោះ 4C ប៉ុនព្រលានយន្ដហោះខេត្តសៀមរាប នាពេលបច្ចុប្បន្ន។ ប៉ុន្ដែក្រោយមកវិបត្តិជំងឺកូវីដ យើងមិនទាន់បានសិក្សាទេ តែថ្មីៗនេះ ខាងអាកាសចរណ៍ស៉ីវិល បានប្រជុំជាមួយខេត្តជាច្រើនលើកច្រើនសារហើយ ដោះស្រាយផលប៉ះពាល់ យើងនឹងបន្ដធ្វើកិច្ចការនេះ»

លោក សុខ លូ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា នៅពេលព្រលានយន្ដហោះវាលបែកចាន ត្រូវបានកែលម្អនឹងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទាំងវិនិយោគិន និងភ្ញៀវទេសចរ ហើយរុញកំណើនសេដ្ឋកិច្ចខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា ព្រលានយន្តហោះបាត់ដំបង (ឬព្រលានយន្តហោះវាលបែកចាន) ត្រូវបានបើកដំណើរការដំបូងអំឡុងឆ្នាំ១៩៦៧ ប៉ុន្តែក្រោយការកាន់កាប់អំណាចរបស់ខ្មែរក្រហម នៅឆ្នាំ១៩៧៥ ព្រលានយន្តហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងរហូតមកដល់ឆ្នាំ១៩៧៩ ព្រលានយន្តបាត់ដំបង ត្រូវបានបើកដំណើរការ សម្រាប់បម្រើការហោះហើរ ក្នុងវិស័យយោធាប៉ុណ្ណោះ។

យ៉ាងណាមិញ មកដល់ឆ្នាំ១៩៩១ នៃដំណើរឆ្ពោះទៅរកសន្តិភាព ព្រលានយន្តហោះបាត់ដំបង ត្រូវបានបិទដំណើរយោធាទាំងស្រុង រហូតមកដល់បច្ចុប្បន្ន និងក្លាយទៅជាទីសម្រាកលំហែកាយ នៃនាពេលល្ងាច របស់ប្រជាពលរដ្ឋនៅទីរួមខេត្តបាត់ដំបង៕