(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។

ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ការពាក់ឯកសណ្ឋានយោធាដោយខុសច្បាប់ ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន ។

បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ «សូមអំពាវនាវដល់ជនរួមជាតិទាំងអស់កុំចែកចាយបន្តនូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំ ឯកសណ្ឋានយោធា និងឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអាចអត់ឱនឱ្យបានជាដាច់ខាត»

យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្រកាសប្រឆាំងដាច់ខាតចំពោះជនណា ដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយមករំលោភបំពានបានឡើយ៕