(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានផ្តល់អនុសាសន៍៧ចំណុច ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបន្តអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការផ្តល់អនុសាសន៍៧ចំណុចនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ក្នុងស្ថានភាពនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១៖ សូមបន្តពង្រីក និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ របស់ខ្លួនដោយផ្តោតទៅលើកម្មវិធីជាយុទ្ធសាស្រ្តសំខាន់ៗ ចំនួន ៤ រួមមាន៖ ១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ២)ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ៤) ការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស។ កម្មវិធីទាំងនេះ ត្រូវបន្តអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

ទី២៖ ក្រសួងត្រូវបន្តខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការងារស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិជ្ជាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការថយចុះវត្ថុធាតុដើម ដូចជាក្រួសក្រហម ខ្សាច់ភ្នំ -ល-។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការប្រើប្រាស់ផ្លូវជនបទ ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការថែទាំ និងជួលជុល ជាពិសេសខិតខំទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនលើសទម្ងន់លើផ្លូវជនបទ។

ទី៣៖ បន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ជំហានទី២ ឆ្នាំ២០១៩-២០២៣ ដែលបានកំណត់គោលដៅអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៨០% ជាពិសេស ខិតខំសម្រេចឲ្យបាន ១០០% នៅឆ្នាំ២០២៥ ស្របតាមគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានចែងថា «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព»។

ទី៤៖ ខិតខំយកចិត្តទុកដាក់ ទាំងកម្រិតនយោបាយ និងបច្ចេកទេស ដោយធ្វើយ៉ាងណាប្រែក្លាយខេត្តគោលដៅចំនួន ០៣ ទៀត គឺខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តកំពង់ស្ពឺ ឲ្យក្លាយជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងឆ្នាំ២០២៣។

ទី៥៖ បន្តជំរុញ និងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា ក៏ដូចជា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ខាងកសិកម្ម សិប្បកម្ម សេវាកម្ម និងមុខរបរដទៃទៀត ក្នុងគោលដៅដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ បង្កើនប្រាក់ចំណូលគ្រួសារនីមួយៗនៅជនបទ និងចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ទីក្រុង ឬឆ្លងដែនដោយប្រថុយប្រថានទៅប្រទេសដទៃ។

ទី៦៖ បន្តជំរុញ និងពង្រឹងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការនៅគ្រប់គម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងន័យលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពការងារ ឲ្យទទួលបានភាពរីកចម្រើន និងប្រកបដោយចីរភាព។

ទី៧៖ បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន រួមជាមួយនឹងបណ្តាប្រទេសជាមិត្តនានា ដើម្បីគៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ បច្ចេកទេស និងបទពិសោធន៍ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមចំណែក គាំទ្រវិស័យអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕