(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់សិស្ស ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ទាំងអស់ឱ្យបានជ្រាបថា ការចុះឈ្មោះដាក់ពាក្យប្រឡងជ្រើសរើសនិស្សិត «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំ២០២៣ នៅសល់តែរយៈពេល ៣ថ្ងៃទៀតតែប៉ុណ្ណោះ។ (ផុតកំណត់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣)។

គួរឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ( Techo Digital Talent Scholarship)» តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។

កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម។

ទី១៖ អត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបាន៖

*កុំព្យូទ័រយួរដៃ ១គ្រឿង
*ទទួលបានការរ៉ាបរងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃចាប់ពី ៣,១០០ដុល្លារ រហូតដល់ ២៤,៧០០ដុល្លារ

*ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

ទី២៖ គ្រឹះស្ថានអប់រំ និងជំនាញសិក្សា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញដូចខាងក្រោម៖

*បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
*ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
*វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
*ធុរកិច្ចឌីជីថល (Digital Business) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
*វិទ្យាសាស្ត្រកុំព្យូទ័រ(Computer Science)
*ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
*បច្ចេកវិទ្យាព័ត៌មាន (Information Technology) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
*វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
*អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)
*បច្ចេកវិទ្យាក្លោដ(Cloud Computing)
*សន្តិសុខសាយប័រ(Cybersecurity)
*អភិវឌ្ឍន៍សុសវែរ(Software Development)
*គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន(Information Technology Management)
*បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(Information and Communications Technology) និងសាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។

ទី៣៖ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

*ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ដែលមាននិទ្ទេសរួម A B ឬ C
*ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។

និងទី៤៖ កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ https://lnkd.ingHD4Dz8Y ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/០៧៧ ៣៣៥ ៨៧៧។ សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍https://t.me/mptcgovkh ដើម្បីទទួលបានព័ត៌មានថ្មីៗ៕