(សៀមរាប)៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បើកកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំ ឆ្នាំ២០២២។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត និងជាកម្រងទី៤ ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អង្គការដៃគូពាក់ព័ន្ធ ព្រមទាំងអស់ លោក លោកស្រីជាសមាជិក សមាជិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានជាច្រើនចូលរួមផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សាម ឡម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប និងចំណាប់អារម្មណ៍របស់ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានធ្វើការវាយតម្លៃខ្ពស់ពីលទ្ធផលរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ក្នុងឆ្នាំ២០២២ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាបសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប យកទៅអនុវត្តឱ្យចំគោលដៅ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងឆ្នាំទី៤ អាណត្តិទី៣ បាននាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណនៅមូលដ្ឋាន។ ដោយឡែកកិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការអនុវត្តតួនាទី ភារកិច្ច និងការដាក់ចេញនូវផែនការអភិវឌ្ឍស្ថាប័ន តាមរយៈបូកសរុប និងឆ្លុះបញ្ចាំង លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ សមាជិកពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នាទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយផងដែរ។

លោក អ៊ាន ឃុន បានបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប បានខិតខំបន្ត និងចូលរួមអនុវត្តគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ ដើម្បីធានានូវការពេញចិត្តរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រង ដឹកនាំ បំពញមុខងារ និងការទទួលខុសត្រូវ ផងដែរ។

លោក អ៊ាន ឃុន បានបន្តទៀតថា ក្នុងអាណត្តិទី៣នេះ សមាគមក្រុមប្រឹក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈកាន់តែរហ័ស និងកាន់តែគួរឱ្យទុកចិត្ត ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ ត្រូវមានកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការចូលរួមជួយជ្រោមជ្រែងក៏ដូចជួយដោះស្រាយពីទុក្ខកង្វល់នានា របស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ កុមារកំព្រា និងក្រុមជនងាយរងគ្រោះ ដូចពាក្យថា មូលដ្ឋានរឹងមាំដោយសារការដឹកនាំល្អ។

លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមឱ្យសមាជិក សមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់ពិភាក្សា និងអនុម័តលក្ខន្តិកៈ ព្រោះថាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាដៃគូររបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវសហមជ្ឈការនៅកម្ពុជា។

លោកស្រី យូ សុភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិករបស់ខ្លួន ដែលបានតម្កល់នៅក្រសួងមហាផ្ទៃផងដែរ។

ជាមួយគ្នានេះដែរ លោកស្រីក៏សូមស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលសមាជិកកំពុងជួបប្រទះក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕