(សៀមរាប)៖ នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង១០ម៉ឺននាក់ ក្នុងនោះទេសចរដែលចូលទៅទស្សនារមណីយដ្ឋានអង្គរមានជាង៥ម៉ឺននាក់។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃអង្គារនេះ។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា «ភ្ញៀវទេសចរដែលបានមកទស្សនាក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ មានចំនួនសរុប១០៥,៤៨១នាក់»

លោកប្រធានបានបន្តថា ទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ៩០,០០០នាក់ ក្នុងនោះអ្នកចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៥១,៩០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួន១០,៦០០នាក់ តំបន់ទន្លេសាបមានចំនួន៥,៣០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួន២២,២០០នាក់។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងភ្ញៀវទេសចរមកពីអន្តរជាតិមានចំនួន១៥,៤៨១នាក់៕