(បាត់ដំបង)៖ នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបជាង១០ម៉ឺននាក់ ក្នុងនោះអត្រាភ្ញៀវជាតិធ្លាក់ចុះ ឯភ្ញៀវបរទេសកើនឡើង បើធៀបនឹងឱកាសចូលឆ្នាំចិនកាលពីឆ្នាំ២០២២។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានបញ្ជូនទៅកាន់ក្រសួងទេសចរណ៍បានបញ្ជាក់ថា «ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី២១ដល់ទី២៤ ខែមករា ឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប១០២,៧៧៨នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ថយចុះ៥២.៩៤%»

របាយការណ៍បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង១០ម៉ឺននោះ មានភ្ញៀវទេសចរជាតិចំនួន១០១,៦៩៥នាក់ ថយចុះ៥៣.៣៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន១,០៨៣នាក់ កើនឡើង១៣៤.៩២%៕