(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ បានផ្តល់ជូនមកកាន់បណ្តាញព័ត៌មាន Fresh News ថា នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ មានករណីរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-3868 បើកបរដោយមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបើករេចង្កូតបុកឡើងលើសួនច្បារវិមានឯករាជ្យ​ បណ្តាលឲ្យមនុស្សម្នាដែលកំពុងហាត់ប្រាណ និងអង្គុយលេងនៅលើសួនច្បារ ជាពិសេសក្មេងៗផងនោះ នាំគ្នារត់ប្រសេចប្រសាចព្រលឹងចុងសក់។

អ្នកឃើញហេតុការណ៍ និងតាមសេចក្តីរាយការណ៍មួយចំនួន បានបញ្ជាក់ថា ម្ចាស់ឡាន និងជាអ្នកបើកបរផ្ទាល់តែម្តងមានឈ្មោះ យិន លីម ជាមន្រ្តីនគរបាលពាក់ផ្កាយ២ ទំនងជាអនុប្រធាននាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ អ្នកបើករថយន្ត បានបើកលឿន និងចុចស៊ីផ្លេខ្លាំងៗនៅតាមផ្លូវ រួចក៏ជ្រុលចង្កូតឡើងលើសួនច្បារវិមានឯករាជ្យតែម្តង។ បើតាមការបញ្ជាក់ពីសាក្សីម្នាក់ ដែលកំពុងរត់ហាត់ប្រាណ និងក៏បានរត់បាតជើងសព្រាត ព្រោះតែឃើញរថយន្តសំដៅមកនោះ ក៏បានឲ្យដឹងថា អ្នកបើកបរមានសភាពស្រវឹងខ្លាំងតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយ និងចាត់វិធានការតាមច្បាប់។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសំណូមដល់អគ្គស្នងការនគរបាលជាតិ ដាក់ពិន័យ និងចាត់វិធានការឲ្យតឹងរឹងបំផុតចំពោះមន្រ្តីនគរបាលរូបនេះ៕