(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើការពន្យល់ និងបញ្ជាក់អំពីបច្ចុប្បន្នភាពនៃការប្រមូលឱសថប្រភេទ AMBRONOL SYRUP ពីតាមគ្រឹះស្ថានលក់ឱសថត្រឡប់មកវិញ ក្រោយអង្គការសុខភាពពិភពលោក បានរកឃើញថា ឱសថប្រភេទនេះមានផ្ទុកសារធាតុគីមីលើសកម្រិតស្ដង់ដារ។

ការចេញមកបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន នៅពេលនេះ ក៏មិនខុសពីអ្វីដែលក្រសួងសុខាភិបាល ធ្លាប់បានចេញសេចក្ដីជូនព័ត៌មាន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នោះដែរ ពោលយោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថា ឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូត៍ AAS2103, AAS2201, AAS2202 S AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Pharmacopoeia) បានអនុញ្ញាត។

បើតាមអ្វីដែលក្រសួងធ្លាប់បានបញ្ជាក់នោះ «សារជាតិគីមី Diethylene Glycol និងEthylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ ដែលអាចបង្កឲ្យស្លាប់បាន»។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើទោះបីឱសថដែលនាំចូល និងចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited មិនមានលេខឡូត៍ដូចអ្វីដែលអង្គការសុខភាពពិភពលោក បានចេញផ្សាយក៏ដោយនោះ ប៉ុន្ដែអនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖

*ទី១៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

*ទី២៖ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។

*ទី៣៖ គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។

*ទី៤៖ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕