(ភ្នំពេញ)៖ សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។

ពិធីបើកព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» នាពេលនេះ ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់ អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។

លោករដ្ឋមន្ត្រី បានលើកឡើងផងដែរថា គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។

លោករដ្ឋមន្ត្រី បន្តថា ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ទទឹមនឹងនេះ គ្រិស្ដសាសនា ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយកំណើនគ្រិស្តបរិស័ទក្នុងប្រទេសកម្ពុជាសព្វថ្ងៃរួមមាន៖

ទី១៖ ព្រះសហគមន៍កាតូលិកមានវិហារ ៦៦កន្លែង ស្នាក់ការថ្វាយបង្គំ ៤២កន្លែង សាលា ៥៨កន្លែង មានបរិស័ទ ១៣,១៦៥នាក់ (ស្រី ៧,០៩៨នាក់)
ទី២៖ គ្រិស្ដបរិស័ទមិនមែនកាតូលិក (ប្រូតេស្ដង៉) ដែលមានក្រុមប្រឹក្សា គណៈនិកាយផ្សេងៗជាច្រើនដូចជា ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា, មេតូឌីស, បាប់ទីស្ទ, គ្រីស្ទបរិស័ទដំណឹងល្អ, សេវេនដេអាវេនទីស្ទ, ព្រេសប៊ីធើរាន, សាវកថ្មី, សាសនាចក្រ, សាក្សីព្រះយេហូវ៉ា ជាដើម សរុបមានវិហារ ៦០១កន្លែង ស្នាក់ការថ្វាយបង្គំ ១៥២២កន្លែង សាលារៀន ៨៨៣កន្លែង មានបរិស័ទ ៩៦,៥៨៧នាក់ (ស្រី ៥៣,៦៦៧នាក់) ។ សរុបបរិស័ទទាំងពីរក្រុមនិកាយមានគ្រិស្តបរិស័ទចំនួន ១០៩,៧៥២នាក់(ស្រី ៦០,៧៦៥នាក់)។

លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្ថែមថា បច្ចុប្បន្ន គ្រិស្ដបរិស័ទបានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈការអប់រំ មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងអង្គការសមាគមមានចរិតសាសនា ដូចជា ជួយសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ កាដូក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ជរា ។ល។

បន្ថែមពីលើនេះ គ្រិស្ដសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាង សកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា មិនប្រកាន់និន្នាការជំនឿសាសនា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល៕