(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកថ្ពង ក្រុមកាកបាទក្រហមឃុំ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀងចំនួន៥៧គ្រួសារស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ថ្លែងនាឱកាសនោះលោក វ៉ី សំណាង ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ។

លោក វ៉ី សំណាង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

លោកប្រធានសង្កត់ធ្ងន់ថា អំណោយដែលផ្តល់ជូនត្បិតតិចតួចមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានបាន និងបំពេញទៅតាមសេចក្តីត្រូវការ តែវាពិតជាបានជួយដោះស្រាយ សម្រាលនូវទុក្ខលំបាកបានមួយរយៈពេលខ្លី ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋចេញទៅប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារបាន៕