(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្ត្រីសាធារណៈបម្រើប្រជាពលរដ្ឋដោយប្រើបេះដូង​ ប្រកបដោយគុណធម៌ និងសីលធម៌។

លោកបានលើកឡើងថា កន្លងទៅមានអ្នកខ្លះ បានលើកឡើងថា ធ្វើនយោបាយដើម្បីទាញបេះដូងប្រជាពលរដ្ឋបាន គឺត្រូវមានលុយ ប៉ុន្តែសម្រាប់លោក គឺមិនគិតដូច្នោះឡើយ។ លោកថា «អត់ប្រាកដទេ កិច្ចការខ្លះបានលុយហើយបាន(ការស្រលាញ់)ទៀត ដូចជាសេវាសាធារណៈអញ្ចឹង ប្រជាពលរដ្ឋមក គាត់ដឹងកាតព្វកិច្ចត្រូវបង់ ហើយបើយើងគាំទ្រ រាក់ទាក់ សម្រួលឱ្យគាត់ស្រួល គាត់ស្រលាញ់យើងជាអីទៀត យើងបានចំណូលទៀត»

លោកបានបន្ថែមទៀតថា «ពេលខ្លះវាត្រូវមានគុណធម៌ សីលធម៌ ទៅតាមជាមួយ អាហ្នឹងយើងត្រូវគិតថា ពលរដ្ឋខ្មែរមានវប្បធម៌នេះមួយ ហើយអាហ្នឹងដែលថាបេះដូងសំខាន់»