(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ឲ្យការពារស្ត្រី ដែលបម្រើការផ្នែកសេវាកំសាន្ត នៅទូទាំងប្រទេស ក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់ ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេស ត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើង ក្នុងមុខរបររបស់ខ្លួន ។

នាពេលកន្លងទៅ សម្ដេចតេជោក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ ស្ត្រីដែលបម្រើការផ្នែកសេវាកំសាន្តនេះផងដែរ ដោយសម្ដេចបានចាត់ទុកពួកគាត់ ស្ថិតនៅក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់៕