(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាន នោះគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឲ្យសាកសមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ច្បាប់ស្ដីពីចរាចរណ៍ថ្មីនេះ បានឆ្លងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ នឹងបញ្ជូនបន្ដទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់ថ្មីនេះបានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ យើងកំពុងបញ្ជូនទៅក្រុមអក្សរសាស្ដ្រដើម្បីជួយមើលអក្ខរាវិរុទ្ធឲ្យបានច្បាស់លាស់ [...] ខ្ញុំសង្ឃឹមថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះដោយសារច្បាប់ចាស់មានចំណុចមួយចំនួនអត់ស្រប ដូច្នេះខ្ញុំគិតថាអាចជួយបានច្រើន (ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍)»។
បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ដើមចមដែលជំរុញឲ្យធ្វើច្បាប់ចរាចរណ៍ថ្មី ដោយមិនធ្វើវិសោធន៍កម្មច្បាប់ចាស់ដែលមានស្រាប់នោះ ដោយសារតែច្បាប់ថ្មីមានការកែប្រែច្រើនស្ទើរទាំងស្រុង ហើយច្បាប់ចាស់ នោះទៀតសោទមានចំណុចមួយចំនួនអត់ស្របជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។ ក្នុងនោះឧទាហរណ៍ជាក់ស្ដែង ការប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា បន្ទាប់ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យចប់សព្វគ្រប់ហើយនោះ សម្ដេចនឹងធ្វើលិខិតស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ដ្រី។ សម្ដេចបង្ហាញការចង់បានឲ្យច្បាប់នេះ ចូលជាធរមានឆាប់ៗនៅពេលខាងមុខ។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឲ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម។ ច្បាប់ចរាចរណ៍ថ្មីនេះ មាន១២ជំពូក ៩០មាត្រា៕