(កំពង់ឆ្នាំង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តលើគម្រោងការងារជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់ជាង២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលផ្លូវនេះនឹងធ្វើឲ្យបានរួចរាល់ជាស្ថាពរនៅក្នុងរដូវប្រាំងខាងមុខ។

មន្ត្រីផ្នែកបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា គម្រោងការងារជួសជុលកំណាត់ផ្លូវជាតិលេខ៥៣នេះ បានចាប់ផ្ដើមដំណើរការជួសជុល និងពង្រីក ចាប់ពីចំណុចឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១+៧០០ ដល់គីឡូម៉ែត្រលេខ២+១៧០ និងពីចន្លោះគីឡូម៉ែត្រលេខ៦+២ ៥០ ដល់គីឡូម៉ែត្រលេខ ៨+០៥០ក្នុងគម្រោង ផ្លូវនេះគឺក្រាលកៅស៊ូ២ជាន់ (DBST)មានប្រវែង២២ ៧០ម៉ែត្រ ទទឹង៨ ម៉ែត្រ ចិញ្ចើមផ្លូវចាក់ដីល្បាយថ្មសងខាង (ម្ខាង១ម៉ែត្រ) សាងសង់លូមូលកាត់ទទឹងផ្លូវ ដោយមុខកាត់១ម៉ែត្រ។

លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៥៣ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គឺមានប្រវែងជា៧០គីឡូម៉ែត្រ ដោយចាប់ចេញពីក្រុងកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

រីឯគម្រោងនៃការជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងតែដំណើរការជួសជល់ខាងលើនេះ បើកុំឱ្យមានភ្លៀងធ្លាក់ជោគជាំដែលធ្វើ ឲ្យមានការរំខានដល់ ការងារជួសជុលនោះ ផ្លូវនេះនឹងត្រូវរួចរាល់ក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ លោកក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវជាតិលេខ៥៣ ដែលបច្ចុប្បន្នមានការលំបាកក្នុងការធ្វើដំណើរខ្លះៗនៅចំណុចដែលកំពុងតែដំណើរការជួស ជុលខាងលើនេះ ក៏សូមមេត្តាយោគយល់ដល់ក្រុមការងារដែលកំពុងធ្វើការងារនៅលើកំណាត់ផ្លូវខាងលើនេះ ដោយក្តីអនុគ្រោះ មិនយូរនោះទេត្រឹមតែរយៈពេល ៥ខែទៀតប៉ុណ្ណោះ យើងនិងបានផ្លូវជាតិលេខ៥៣ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនចាប់ពីក្រុងកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ដោយមិនមានការរំខាននោះឡើយ៕