(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក​ Dr. Dennis Ganendra - CEO​ ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលការងារ និងមានការចូលរួមពីលោករដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូប។

ក្នុងជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Minconsult Sdn Bhd បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលសព្វថ្ងៃកំពុងបើកដំណើរការ។

តំណាងក្រុមហ៊ុន Minconsult Sdn Bhd បានថ្លែងអំណរគុណក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ឱកាស និងទំនុកចិត្តសម្រាប់ការបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសលើគម្រោងកន្លងមក ការផ្តល់ឱកាសការងារសម្រាប់គម្រោងផ្សេងៗទៀត។ ក្រុមហ៊ុនបានសំដែងការតាំងចិត្ត យ៉ាងមុតមាំ​ បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា​កាន់តែមានប្រសិទ្ធភាព៕