(ព្រះសីហនុ)៖ ទូកនេសាទ១គ្រឿង នៅក្បែរកោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ បណ្តាលឱ្យបាត់ខ្លួនមនុស្ស២នាក់ កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ភ្លាមៗក្រោយទទួលព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ចំនួន៤គ្រឿង ដើម្បីជួយស្វែងជនរងគ្រោះនៅលើផ្ទៃសមុទ្រ។

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា បើតាមម្ចាស់ទូកឈ្មោះ ធិន យឿន ទូកនេសាទដែលលិចនេះជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស។ ម្ចាស់ទូកបញ្ជាក់បន្ថែមថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន២នាក់ ឈ្មោះ អា ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ។

ជុំវិញករណីលិចទូកខាងលើនេះ សមត្ថកិច្ចជំនាញការពារដែនសមុទ្រ បញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង និងទឹករលកធំៗបណ្តាលឲ្យបោកបក់លិចតែម្តង។

បច្ចុប្បន្ននេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ចំនួន៤គ្រឿង ដោយសហការជាមួយសមត្ថកិច្ច កំពុងស្វែងរកទោះបីក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើនដោយសារតែសមុទ្រមានខ្យល់ និងរលកខ្លាំង តែក្រុមកាងារកំពុងព្យាយាមឱ្យអស់ពីលទ្ធភាព៕